(ស្វាយរៀង)៖ ស្របពេលដែលកំណើនការហូបចុក និងប្រើប្រាស់សម្ភារផ្សេងៗ ពីប្រជាពលរដ្ឋនៅក្រុងបាវិតកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យមានសំរាមជាង ៣០០តោនត្រូវចាក់ចោល ជាមូលហេតុដែលអាជ្ញាធរ និងអង្គភាពដែលពាក់ព័ន្ធ រកដំណោះស្រាយត្រូវបង្កើតទីលានញែកសំរាមបន្ថែម។

ពាក់ពន្ធ័ទៅនិងបញ្ហាសំរាមនៅក្រុងបាវិតកើនឡើងនាពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ដឹកនាំដោយលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូក្រសួងសាធារណការ និងតំណាងគំរោងធនាគារអភិវឌ្ឍអាស៊ី (ADB) ស្តីពី ការគ្រប់គ្រង និងបណ្តុះបណ្តាលសម្រាប់ទីលានញែកសំរាម (MRF) ក្រុងបាវិត។

លោក ហែម ពិសិដ្ឋ បានថ្លែងបញ្ជាក់ថា «កិច្ចប្រជុំពិភាក្សានេះ បានផ្តោតសំខាន់ទៅលើការសាងសង់ទីលានញែកសំរាមនៅក្រុងបាវិត ដែលជាជំហានដំបូងដ៏មានសារៈសំខាន់ ក្នុងការកែលម្អ ការគ្រប់គ្រងសំណល់រឹង ទីលាននេះ នឹងកាត់បន្ថយសំរាម និងភាពរំខានដូចជាក្លិនមិនល្អ និងការបំពុលបរិស្ថានផ្សេងៗ។ លើសពីនេះទីលានញែកសំរាម នឹងផ្តល់ការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងផ្តល់ឲ្យមានការកែច្នៃ និងការប្រើប្រាស់ឡើងវិញនូវសម្ភារៈចាស់ៗ ដែលត្រូវបាត់បង់ដោយសារការបោះចោលក្នុងកន្លែងចាក់សំរាម»។

លោក ហែម ពិសិដ្ឋ បានន្តថា គម្រោង នៃការសាងសង់ទីលានញែកសំរាមនេះ កំពុងត្រូវបានសហការគ្នារវាងក្រសួងសាធារណការ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អាជ្ញាធរខេត្ត និងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីអនុវត្តគម្រោងខាងមុខបន្តបន្ទាប់ទៀត ដែលរួមបញ្ចូលទាំងការសំអាតទឹកកង្វក់ និងទីលានចាក់សំរាម។

ការលើកគម្រោងខាងមុខនេះ គឺជាគម្រោងដែលកើតឡើងបន្ទាប់ពីការអនុវត្តការសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកស្អុយ និងទីលានចាក់សំរាមដែលបានអនុវត្តក្រោមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច ទីក្រុងរបៀងខាងត្បូងនៃមហាអនុតំបន់ទន្លេមេកុង៕