(កំពង់ធំ)៖ បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ បានសម្រេចជោគវាសនារបស់ខ្លួន ដោយប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននិទ្ទេស D។

*បេក្ខជនទី១៖ ឈ្មោះ ទុយ សុខដុង ភេទប្រុស ពិការដៃ និងជើង រស់នៅភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន
*បេក្ខជនទី២៖ ឈ្មោះ អ៊ុន កុសល ភេទស្រី ពិការដៃទាំងសងខាង រស់នៅភូមិទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍
*បេក្ខជនទី៣៖ ឈ្មោះ ងោ គឹមណេង ភេទប្រុស ពិការភ្នែកម្ខាង និងម្ខាងទៀត មានបញ្ហាមើលមិនសូវច្បាស់ រស់នៅភូមិថ្មី ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក។

បើតាមរបាយការណ៍ របស់មន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ធំ បានបញ្ជាក់ថា ក្នុងសម័យប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ មានបេក្ខជនប្រឡងសរុបចំនួន៤,៤៩១រូប ជាលទ្ធផលប្រឡងជាប់ចំនួន ៣,៤៧៩រូប ស្មើរ៧៧.៤៧ភាគរយ ក្នុងនោះនិទ្ទេស A ចំនួន១៤រូប មានការកើនឡើងជាង ឆ្នាំ២០១៨ ដែលលទ្ធផលប្រឡងជាប់ ត្រឹមតែ ៧៤.៥៤ភាគរយ មានទិទ្ទេស A ចំនួន១១រូប។

ដោយឃើញលទ្ធផលល្អប្រសើបែបនេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រគល់ជូនបេក្ខទាំង១៤រូប ជាប់និទ្ទេស A ព្រមទាំង យុវជន-យុវនារី ពិការភាពទាំង៣រូប ក្នុងខេត្តកំពង់ធំ នូវម៉ូតូម្នាក់១គ្រឿង កុំព្យូទ័រឡេថប ១គ្រឿង ថវិកានិងសម្ភារផ្សេងៗទៀតដូចៗគ្នា។ ការប្រគល់ជូននេះ នឹងធ្វើនៅក្នុងសាលាខេត្តកំពង់ធំ ក្នុងពេលឆាប់ៗខាងមុខនេះ៕