(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ បានទទួលជួបសម្តែងការគួរសម ជាមួយលោក Yasuhisa Ojima ប្រធានស្ថានដំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា ដែលទើបត្រូវបានតែងតាំងជា ប្រធានស្ថានតំណាងថ្មីនៅកម្ពុជា ដើម្បីពិភាក្សាអំពីគោលនយោបាយសារពើពន្ធ (Fiscal Policy) ដែលរួមមានការប៉ាន់ស្មានតម្រូវការហិរញ្ញប្បទាន ក្នុងការគាំទ្រគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា, កម្មវិធីកែទម្រង់អភិបាលកិច្ច សារពើពន្ធ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ សមត្ថភាពមន្រ្តីជំនាញកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលជានិច្ចកាលតែងតែពង្រឹងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ ចូលរួមយ៉ាងសកម្មដល់ការ អភិវឌ្ឍកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបជូនលោក Yasuhisa Ojima អំពីតម្រូវការ និង ការពង្រឹងសមត្ថភាពមន្រ្តីជំនាញសម្រាប់កម្ពុជា ដែលអាចវាយតម្លៃអំពីផលប៉ះពាល់នៃបញ្ហាប្រឈម និងហានិភ័យ ទាំងខាងក្នុងនិងក្រៅ មកលើស្ថានភាពសេដ្ឋកិច្ច, ទំហំពាណិជ្ជកម្ម, វិស័យហិរញ្ញវត្ថុ និងកិច្ចអភិវឌ្ឍសង្គម ក្នុងគោលដៅ ដើម្បីដាក់ចេញនូវវិធានការគោលនយោបាយជាយុទ្ធសាស្រ្ត និងជាកញ្ចប់សម្រាប់រយៈពេលខ្លី, មធ្យម និងវែងដោយ បុរេសកម្ម, ទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ។

អគ្គបណ្ឌិតសភាចារ្យ ក៏ចង្អុលបង្ហាញអំពីយុទ្ធសាស្រ្តអភិវឌ្ឍន៍ សមត្ថភាពមន្រ្តីជំនាញកម្ពុជា ដោយគួរផ្តោតលើ៣កម្រិត៖

១៖ ការងារដែលមានចរិតជាយុទ្ធសាស្រ្ត សម្រាប់ការដឹកនាំសម្របសម្រួលជាអាទិ៍ ការដឹកនាំសម្រប សម្រួលការកែទម្រង់ប្រព័ន្ធថវិកា, យុទ្ធសាស្រ្តកៀរគរចំណូល, យុទ្ធសាស្រ្តនៃការកែទម្រង់លទ្ធកម្ម សាធារណៈ ។ល។

២៖ បំពាក់ជំនាញបច្ចេកទេសការងារ (Skill developments) បន្ថែមទៀត ចំពោះការគ្រប់គ្រង់ប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ ដូចជា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ប្រព័ន្ធគ្រប់គ្រងបំណុល សាធារណៈ និងយន្តការតាមដាន និងវាយតម្លៃ ។ល។

៣៖ កម្មវិធីបណ្តុះបណ្តាលពិសេសដាច់ដោយឡែក សម្រាប់បង្កើនសមត្ថភាពជំនាញ ដែលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ឬដោះស្រាយបញ្ហាជាក់ស្តែងណាមួយ ដែលកើតមានឡើងក្នុងពេលអនុវត្តន៍កម្មវិធី។

អគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ថា ចំពោះការប៉ាន់ស្មានតម្រូវការហិរញ្ញប្បទានសម្រាប់ក្របខ័ណ្ឌ និងយុទ្ធសាស្រ្តនៃការគាំទ្រគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (Sustainable Development Goals) គួរផ្សារភ្ជាប់ និងមានសង្គតភាពជាមួយនឹងក្របខ័ណ្ឌយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍន៍របស់កម្ពុជា និងប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុកម្ពុជា តែម្តង។

លោក Yasuhisa Ojima បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា និងបានបញ្ជាក់ថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ, បន្តរួមចំណែករក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, លើកកម្ពស់ សមត្ថភាពស្ថាប័ន និងមន្រ្តីជំនាញរបស់កម្ពុជា តាមរយៈការចែករំលែកពុទ្ធិ ទាំងចំណេះដឹង និងចំណេះធ្វើ ក្នុងការវាយ តម្លៃហានិភ័យក្នុង និងក្រៅសម្រាប់រៀបចំគោលនយោបាយសេដ្ឋកិច្ច, សារពើពន្ធ និងបណ្តាវិធានការជាយុទ្ធសាស្រ្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់៕