(ភ្នំពេញ)៖ ក្រុមជម្រើសជាតិគោព្រៃកម្ពុជា បានប្រកួតចាញ់ក្រុមជម្រើសជាតិបារ៉ែនត្រឹមលទ្ធផលផ្លូវការ ១-០ នៃវគ្គសន្សំពិន្ទុពូល C វគ្គជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា។

ក្រោយពីមានឱកាសដ៏ច្រើនក្នុងវគ្គទី១ មុនពេលបញ្ចប់លទ្ធផល ០-០ បណ្តោះអាសន្នផងនោះ ក្រុមគោព្រៃកម្ពុជា បានរបូត ១គ្រាប់នៅនាទីទី៧៨ ពីការធ្វើសម្រេចដោយកីឡាករពាក់លេខ១៩ Kamil Al-Aswad នៅពហុកីឡដ្ឋានជាតិនារាត្រីថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅពីមុខអ្នកទស្សនាផ្ទាល់ ប្រមាណ ៥៥០០០នាក់ពេញស្តាតតែម្តង។

នេះជាការបរាជ័យលើកទី១ ក្រោយឆ្លងកាត់ ២ប្រកួតក្នុងពូល C ក្រៅរកងបាន ១ពិន្ទុក្រោយប្រកួតបានស្មើ ១-១ ទល់នឹងហុងកុងនាថ្ងៃទី០៥ ខែកញ្ញា គ្រាដែលគូប្រជែងបារ៉ែន រកបាន ៤ពិន្ទុឆ្លងកាត់ ២ប្រកួតដូចគ្នា និងឡើងទៅឈរនៅកំពូលជាបណ្តោះអាសន្នផងដែរ។

២ប្រកួតបន្ទាប់របស់កម្ពុជា ក្នុងវគ្គសន្សំពិន្ទុនៃពូល C កម្ពុជាហោះហើរទៅប៉ះម្ចាស់ផ្ទះអ៊ីរ៉ង់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ មុន ៥ថ្ងៃបន្ទាប់ស្វាគមន៍ក្រុមជម្រើសជាតិអ៊ីរ៉ាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិកដដែល៕