(កំពង់ស្ពឺ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូន កងកម្លាងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានទទួលស្គាល់ថា កងកម្លាំងមួកខៀវកម្ពុជា បច្ចុប្បន្ននេះ បានប្រឈមនឹងគ្រោះថ្នាក់ ពេលទៅបំពេញបេសកកម្មមនុស្សធម៌ក្រៅប្រទេស ជាមួយអង្គការសហប្រជាជាតិ។

ការលើកឡើងរបស់ ប្រមុខការទូតកម្ពុជា បានធ្វើឡើងនៅក្រោយនុពិធីដុតកម្ទេចគ្រាប់ខូចគុណភាព ២៥០តោន នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុជាតិ (អាសេអូ) ស្ថិតក្នុងក្អែកពង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា៖ «បេសកកម្មរបស់យើង បច្ចុប្បន្ននេះ ជាបេសកកម្មប្រកបដោយគ្រោះថ្នាក់ ដំបូងៗយើងមិនសូវមានគ្រោះថ្នាក់នោះទេ ពេលយើងបញ្ជូនកងដោះមីន ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារតែសភាពការណ៍ បានវិវឌ្ឍប្រែប្រួលស្មុគស្មាញ ដោយសារនៅប្រទេសម៉ាលី ក៏ដូចជាសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដែលមានឧទ្ទាមច្រើនកង ឧទ្ទាមនិងឧទ្ទាមឈ្លោះគ្នាផង ហើយឧទ្ទាមក៏ឈ្លោះជាមួយកងទ័ពរដ្ឋាភិបាលផង»

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបន្តថា «នៅប្រទេសទាំងនោះគ្មានសប្តាហ៍ណា ដែលមិនមានគ្រោះថ្នាក់ទេ ឆ្នាំ២០១៧ គ្នាយើងបានរងគ្រោះស្លាប់៤នាក់នៅអាហ្វ្រិកកណ្តាល ដោយសារតែការពួនវាយស្ទាក់ពីសំណាក់ឧទ្ទាម»

កម្ពុជា ចាប់ផ្តើមបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីបំពេញបេសកកម្មមនុស្សធម៌នៅក្រៅប្រទេស ចាប់ពីឆ្នាំ២០០៦។ លោក ប្រាក់ សុខុន បានអះអាងថា រយៈពេល១៣ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងចំនួនជាង៦៣០០នាក់ ទៅបំពេញបេសកកម្មជាមួយអង្គការសហប្រជាជាតិនៅក្រៅប្រទេស។

ប្រទេសដែលកម្ពុជាបានបញ្ជូនកងកម្លាំងទៅនេះរួមមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាយប្រ៊ឹស ស៊ីរី ឆាដ ម៉ាលី និងអាហ្រ្វិកកណ្តាលដើម។

គិតត្រឹមខែមករា ឆ្នាំ២០១៩ កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលបានបំពេញបេសកកម្មនៅក្រៅប្រទេស បានពលីជីវិតចំនួន០៧នាក់ និង២នាក់ទៀតទទួលមរណភាពក្រៅលក្ខខណ្ឌអង្គការសហប្រជាជាតិ ព្រមទាំងរងរបួសចំនួន៩នាក់។ ក្នុងចំណោមកម្លាំងដែលបានបាត់បង់ជីវិតនេះ មាន៥នាក់នៅអាហ្វ្រិកកណ្តាល និង ៤នាក់នៅប្រទេសម៉ាលី។

ទោះជាយ៉ាងនេះក្តី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅ បានប្រកាសជំហរហើយថា កម្ពុជាមិនរុញរាក្នុងការបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មមនុស្សធម៌នោះឡើយ៕