(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ រូប៊ឺត ប្រោន (Robert B. Brown) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក តំបន់ប៉ាស៊ីហ្វិក ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។

ក្នុងជំនួបដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក តំបន់ប៉ាស៊ីហ្វីក បានបញ្ជាក់ថា កងទ័ពសហរដ្ឋអាមេរិក មានបំណងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយនឹង កងទ័ពកម្ពុជា។ នាយឧត្តមសេនីយ៍ សង្ឃឹមថា ទៅថ្ងៃអនាគត កងទ័ពនៃប្រទេសទាំងពីរ នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះបំណងរបស់ នាយឧត្តមសេនីយ៍ រូប៊ឺត ប្រោន ដែលចង់បង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ៕