(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងបញ្ជាក់ថា ការប្រយុទ្ធប្រឆាំង និងការឆ្លងរាលដាល នៃមេរោគអេដស៍របស់យើងមិនទាន់ចប់នៅឡើយ មាន ភស្តុតាងបញ្ជាក់ថា ការរាតត្បាតមេរោគអេដស៍កំពុងតែស្ថិត នៅជាការគំរាមកំហែងដល់សុខភាពសាធារណៈរបស់យើងនៅឡើយ។ យើងត្រូវចងចាំថា តាំងពីឆ្នាំ១៩៩០ មកយើងបានបាត់បង់ពលរដ្ឋកម្ពុជាយើង ប្រមាណជាង១០ម៉ឺននាក់ ដោយសារជំងឺអេដស៍។ បច្ចុប្បន្ននេះ យើងប៉ាន់ស្មានថា មានអ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ប្រហែល ៧៣.០០០នាក់។

ការថ្លែងបែបនេះរបស់ទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្តល់សុពលភាពលើសេចក្តីព្រាងផែនការ យុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ សម្រាប់ឆ្នាំ ២០១៩ -២០២៣ នាព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់។

គោលបំណងនៃអង្គសិក្ខាសាលា គឺគៀងគរការចូលរួមមតិយោបល់ពីលោក លោកស្រី តំណាងក្រសួង ស្ថាប័ន និងវិស័យពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ឱ្យបានកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ លើសេចក្តីព្រាងផែនការយុទ្ធ សាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ សម្រាប់ ឆ្នាំ ២០១៩ - ២០២៣ ដែលនឹងត្រូវប្រើប្រាស់សំរាប់ដោះស្រាយបញ្ហានៃការឆ្លងការរាលដាល និងឆ្លើយតបទៅនឹងជំងឺអេដស៍ សំរាប់រយះពេល៥ឆ្នាំខាងមុខ។

លោកទេសរដ្ឋមន្ត្រី អៀង មូលីបានថ្លែងបន្ថែមថា កម្ពុជាយើងបានធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយប្រយុទ្ធ ប្រឈមដោះស្រាយការរាតត្បាតនៃមេរោគអេដស៍។ គោលបំណង ឆន្ទៈដ៏មុតមាំអម ដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយច្បាស់លាស់ ជាមួយការចូលរួមចំណែករបស់អ្នកផ្ទុកមេរោគអេដស៍ ប្រជាពលរដ្ឋរងផលប៉ះពាល់ និងអង្គការសង្គម ស៊ីវិល បានជំរុញឱ្យយើងអាចប្រយុទ្ធទប់ស្កាត់ ការចម្លងរាលដាលមេរោគអេដស៍។

សង្គ្រាមប្រយុទ្ធនឹងការចម្លងមេរោគអេដស៍ អស់រយៈពេល៣ទសវត្សកន្លងនេះ កម្ពុជាបានទទួលកិត្តិយស ជ័យលាភីផ្ដល់ដោយអង្គការសហប្រជាជាតិម្ដងក្នុងឆ្នាំ ២០១០ ដោយកម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍសហសវត្សរ៍ និងបានទទួលម្ដងទៀតនៅឆ្នាំ២០១៧ ពេលដែលកម្ពុជាត្រូវបានវាយតម្លៃថា បានសម្រេចគោល ដៅ ៩០-៩០-៩០ ជាមួយប្រទេស៦ ផ្សេងទៀតនៅក្នុងពិភពលោក។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកទេរដ្ឋមន្ត្រី ក៏បានសម្ដែងនូវឧបការគុណដ៏ជ្រាលជ្រៅជូន សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ភ្លឺថ្លា ប្រកបដោយគតិបណ្ឌិត និងមុតមាំគាំទ្រជំរុញលើកទឹកចិត្ត លោក លោកស្រី ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន អង្គភាពរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋរស់នៅជាមួយមេរោគអេដស៍ ឱ្យចូលរួមគ្នាជាចលនាជាតិតែមួយ ដើម្បីសង្រ្គោះអាយុជីវិតមនុស្សប្រហែលជាង១លាននាក់ពីការឆ្លងមេរោគអេដស៍ និងប្រមាណ៦០ម៉ឺននាក់ ពីការស្លាប់ដោយសារជំងឺអេដស៍។ ការកាត់បន្ថយការឆ្លងមេរោគអេដស៍ និង បញ្ចៀសការស្លាប់ដោយសារជំងឺអេដស៍នេះ គឺជាការរួមចំណែកមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយដែលអាចនិយាយបានថា នេះជាការវិនិយោគរបស់យើងទាំងអស់គ្នា។

សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ សម្រាប់ ឆ្នាំ២០១៩ - ២០២៣ មានបួនយុទ្ធសាស្ត្រ រួមជាមួយនឹងការរៀបចំអនុវត្ត និងការត្រួតពិនិត្យ និងវាយតម្លៃ ៖
យុទ្ធសាស្រ្តទី១៖ ផ្ដល់សេវាទូលំទូលាយលើការបង្ការ ថែទាំ ព្យាបាល និងការគាំទ្រតាមរយៈវិធីសាស្ត្រពហុ វិស័យ
យុទ្ធសាស្រ្តទី២៖ សមាហរណកម្មការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងប្រព័ន្ធសុខាភិបាល និងវិស័យក្រៅពីសុខាភិបាល
យុទ្ធសាស្រ្តទី៣៖ ពង្រីកការគ្រប់ដណ្ដប់នៃសេវាគាំពារសង្គម និងលើកកម្ពស់លទ្ធភាពទទួលសេវាផ្នែកច្បាប់ និងសង្គម
យុទ្ធសាស្រ្តទី៤៖ បង្កើនការផ្គត់ផ្គង់មូនិធិរាជរដ្ឋាភិបាលឲ្យបាន៥០% នៃតម្រូវការ និងបែងចែកផ្ដល់ជូន ថវិការដ្ឋមួយចំណែកទៅអង្គការសង្គមស៊ីវិល៕