(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញវីដេអូ ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានគាំទ្រដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។

លោករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ ក៏ដូចជាមន្ដ្រីបុគ្គលអប់រំ លោកគ្រូ អ្នកគ្រូ ដែលបានរួមគ្នាបំពេញភារកិច្ចរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យការប្រឡងបាក់ឌុប នៅឆ្នាំ២០១៩នេះ តាំងពីដំណាក់កាលសំណេរ រហូតដល់ប្រកាសលទ្ធផល ទទួលបានជោគជ័យ និងគ្មានបញ្ហាណាមួយកើតឡើង។

ក្នុងវីដេអូនេះ ក្រៅពីការអបអរសាទរ ដល់បេក្ខជនទទួលបានជោគជ័យ លោករដ្ឋមន្ដ្រីអប់រំ ក៏បានលើកទឹក ដល់បេក្ខជនដែលបរាជ័យ ឲ្យបន្ដការសិក្សាជំនាញបច្ចេកទេស បរិញ្ញាបត្ររង រៀនឡើងវិញ ឬក៏រៀនបំពេញវិជ្ជា ដើម្បីប្រឡងនៅឆ្នាំក្រោយបន្ដទៀត។

សូមបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង ៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន ២,៤៣០នាក់, ជាប់និទ្ទេស C ចំនួន ៥,៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤,១០០នាក់ និងនិទ្ទេស E ចំនួន ៥៦,២៣២នាក់៕