(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានកើនតែច្រើនថែមទៀត ខណៈដែលទំហំពាណិជ្ជកម្មនេះ នៅតិចតួចនៅឡើយ។ អនុសាសន៍សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេល អនុញ្ញាតឱ្យ លោក ធីត លីនអន (Thit Linn Ohn) ឯកអគ្គរដ្ឋទូតថ្មីមីយ៉ាន់ម៉ា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។

លោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបនោះថា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់លោកអគ្គរដ្ឋទូតថ្មីថា ទំហំពាណិជ្ជកម្មប្រទេសទាំងពីរនៅតូចណាស់ នៅក្នុង១ឆ្នាំៗប្រហែលជា១០លានដុល្លារ មិនទាន់សាកសមនឹងសក្ដានុពលដែលប្រទេសទាំងពីរមាននោះទេ ដូច្នេះសូមឱ្យពិនិត្យថែមទៀត ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ចរបស់យើង។

សម្តេចបានបន្តថា នៅឆ្នាំក្រោយនេះ កម្ពុជា-មីយ៉ាន់ម៉ា នឹងដល់ខួបទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត ដូច្នេះគួរពិនិត្យមើល តើយើងត្រូវធ្វើសកម្មភាពអ្វីខ្លះ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍នៃទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរនេះ ហើយជាមួយគ្នានេះដែរ យើងត្រូវពិនិត្យមើលនូវកិច្ចព្រមព្រៀងខ្លះ ដែលអាចនឹងចុះហត្ថលេខា ដើម្បីជំរុញនូវកិច្ចសហប្រតិបត្ដការគ្រប់វិស័យថែមទៀត ពិសេសនៅក្នុងនោះអាចមានកិច្ចព្រមព្រៀងទាក់ទងនឹង អនុស្សរណៈមួយចំនួន ដែលមានរួចមកហើយត្រូវតែបន្តអនុវត្ត ហើយមើលកិច្ចព្រមព្រៀង និងអនុស្សារណៈថ្មី ដែលយើងអាចបន្ថែមទៀត ដើម្បីបង្កើនកិច្ចសហការក្នុងវិស័យសេដ្ឋកិច្ចក៏ដូចជាការវិនិយោគ ទេសចរណ៍ ដែលជាចំណុចសំខាន់ ជាចំណុចស្នូល នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងទាំងពីរ។

សម្តេចបានបន្ថែមថា កន្លងមកយើងមានកិច្ចព្រមព្រៀង ក្នុងឱកាសដែលទស្សនកិច្ចរបស់ លោកស្រី អ៊ោង សានស៊ូជី មកកម្ពុជាកន្លងមកនេះ គ្រាន់តែយើងត្រូវការជំរុញអភិវឌ្ឍកន្លងមក គឺយើងមានកិច្ចព្រមព្រៀងខ្លះ និងអនុស្សារណៈជំរុញអនុវត្ត។ សម្តេចបន្តថា កន្លងមកយើងបានបញ្ជូននិស្សិត ភាគច្រើនជាសង្ឃ ទៅបំពេញកម្មសិក្សា ឬក៏សិក្សាបន្ថែម នៅមីយ៉ាម៉ា ពិសេសខាងព្រះពុទ្ធសាសនា ហើយក្នុងឱកាសទស្សនកិច្ចលោកស្រី អ៊ោង សានស៊ូជី កម្ពុជាបានសម្រេចផ្ដល់ អាហារូបករណ៍ចំនួន១០ ឱ្យនិស្សិតមីយ៉ាន់ម៉ា ដូច្នេះសូមជំរុញការអនុវត្តផ្លាស់ប្ដូរនិស្សិតទៅវិញទៅមក, ទាំងអស់នេះក៏ជាការជំរុញនូវទំនាក់ទំនង ផ្នែកសិក្សាធិការ ក៏ដូចជាការជំរុញ ឱ្យមានទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

សម្តេចបានបន្ថែមទៀតថា ក្រៅពីយន្តការទ្វេភាគី ប្រទេសយើងទាំងពីរ ក៏មានយន្តការតំបន់ និងអនុតំបន់មួយចំនួន ដូចជាយន្តការនៅក្នុងមហាអនុតំបន់មេគង្គ GMS និងក្នុងវេទិកា CLMV Plus T កម្ពុជា ឡាវមីយ៉ាន់ម៉ា វៀតណាម បូកនឹង ថៃ ហើយវេទិកាមួយទៀត គឺ ACMECS ដែលយន្តការទាំងបីនេះគឺជាយន្តការអនុតំបន់ ដែលយើងក៏មានកិច្ចសហប្រតិបត្តិការជាមួយគ្នាផងដែរ។ ក្រៅពីនោះប្រទេសយើងទាំងពីរក៏បានធ្វើការជាមួយគ្នា នៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិក្រៅតំបន់មួយចំនួន។

សម្ដេចតេជោបានធ្វើការកត់សម្គាល់ទៀតថា កន្លងមកប្រទេសអាស៊ាន មិនសូវបានមើលទីផ្សារក្នុងតំបន់ទេ គឺតែងតែយកចិត្តទុកដាក់ ទៅលើទីផ្សារខាងក្រៅ ដែលបញ្ហានេះធ្វើឱ្យទំហំពាណិជ្ជកម្មរបស់យើងនៅតូច ដូច្នេះយើងគួរតែពិនិត្យមើលប្រទេសក្នុងតំបន់អាស៊ានរបស់យើង នៅក្នុងការធ្វើពាណិជ្ជកម្មរវាងគ្នានឹងគ្នា ដើម្បីបង្កើតទីផ្សារយើងឱ្យកាន់តែទូលំទូលាយ។

លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណសម្ដេច ដែលបានផ្ដល់នូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកក៏ដូចជាបានចែករំលែកនូវបទពិសោធន៍នានា ហើយដែលលោកក៏បានបញ្ជាក់ថា ឆ្នាំក្រោយយើងនឹងរៀបចំខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ និងប្ដេជ្ញាខិតខំយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការនានាថែមទៀត ជាពិសេសនៅលើពាណិជ្ជកម្ម ទេសចរណ៍ ការហោះហើរត្រង់រវាងមីយ៉ាន់ម៉ា និងកម្ពុជា ហើយឱ្យមានការផ្លាស់ប្ដូរនិស្សិត ដោយមីយ៉ាន់ម៉ាកន្លងមកក៏បានទទួល និស្សិតជាព្រះសង្ឃកម្ពុជា ទៅសិក្សានៅទីនោះដែរ។

នៅក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសូមឱ្យ លោកឯកអគ្គរដ្ឋទូត នាំយកនូវការសួរសុខទុក្ខ និងពរជ័យ ជូនចំពោះប្រធានាធិបតីមីយ៉ាន់ម៉ា ក៏ដូចជាទីប្រឹក្សារដ្ឋលោកស្រី អ៊ោង សានស៊ូជី ផងដែរ។

ឯកអគ្គរដ្ឋទូតថ្មីមីយ៉ាន់ម៉ា បានមកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ហើយបាន ថ្វាយសារតាំងចំពោះព្រះករុណានៅថ្ងៃទី២១ ខែសីហា។ លោករីករាយដែលបានមកបំពេញបេសកកម្មនៅកម្ពុជា។ លោកប្ដេជ្ញាថានឹងខិតខំក្នុងការពូនជ្រុំនៅទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានស្រាប់ឱ្យកាន់តែរីកចម្រើនថែមទៀត។