(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានផ្ញើសារលិខិតអរគុណលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ គណៈកម្មការគ្រប់គ្រងសាលារៀន គណៈកម្មការទ្រទ្រង់សាលារៀន មាតាបិតា អាណាព្យាល និងអ្នកពាក់ព័ន្ធ ដែលចូលរួមធ្វើឲ្យដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបានជោគជ័យ និងបេក្ខជនសម្រេចបានលទ្ធផលល្អប្រសើរ។

តាមរយៈសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ លោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ជោគជ័យនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងមក ពិតជាបានធ្វើឲ្យសិស្សានុសិស្ស កាន់តែខិតខំប្រឹងប្រែងរៀនសូត្រ និងសិក្សាស្រាវជ្រាវ លោកគ្រូ អ្នកគ្រូខិតខំអប់រំ ទូន្មាន មាតាបិតា អាណាព្យាបាលសិស្សកាន់តែចូលរួម និងឲ្យតម្លៃខ្ពស់លើការអប់រំ។

លោករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអ្នកអាណាព្យាបាល ដែលបានជំរុញ និងទំនុកបម្រុងបុត្រធីតាឲ្យបានមករៀន និងបន្តការសិក្សារហូតបានចប់ថ្នាក់ទី១២។ សូមអរគុណ និងកោតសរសើរដល់សិស្សានុសិស្ស ជាបេក្ខជនទាំងអស់ ដែលបានមកប្រឡង គោរពវិន័យប្រឡង និងអត់ធ្មត់រង់ចាំការប្រកាសលទ្ធផលនៃការប្រឡង។

រដ្ឋមន្ដ្រីក្រសួងអប់រំ បានអះអាងប្រាប់ទៅបេក្ខជនទាំងអស់ឲ្យចងចាំថា លទ្ធផលនៃការប្រឡងនេះ ឆ្លុះបញ្ចាំងនូវសារៈសំខាន់បីយ៉ាងគឺ ទី១៖អ្នកចេះ គឺជាប់, ទី២៖ការប្រឡងបានប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព គោលការណ៍ច្បាប់ និងលទ្ធផលទទួលយកបាន និងទី៣៖លទ្ធផល នៃការប្រឡង ពុំមែនជាការកំណត់វាសនារបស់បេក្ខជនទេ ប៉ុន្តែគឺជាការវាស់ស្ទង់សមត្ថភាព និងជំរុញឲ្យមានការខំប្រឹងប្រែងបន្តទៅមុខទៀត។

លោកបានគូសបញ្ជាក់ទៀតថា លទ្ធផលដ៏ល្អប្រសើរនេះ កើតចេញពីការចូលរួមការគាំទ្រ និងការឧបត្ថម្ភពីគ្រប់ភាគីពាក់ព័ន្ធទាំងក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋានគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គភាពប្រឆាំងអំពើពុករលួយ ក្រុមយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងមន្ត្រីសុខាភិបាល ដែលបានចូលរួមធ្វើឲ្យដំណើរការ នៃការប្រឡងប្រព្រឹត្តទៅដោយរលូន។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់៕