(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា យើងនឹងបន្ដខិតខំប្រឹងប្រែងរួមគ្នា បណ្ដុះបណ្ដាលនិស្សិតពេទ្យ នៅសាកលវិទ្យាជាតិរបស់យើង ប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់ ឱ្យទាន់សម័យបច្ចេកវិទ្យាដ៏ទំនើប ឆ្លើយតបទៅនឹងកម្រិតនិយាមអន្ដរជាតិ។

ជាពិសេស ពេលចេញទៅប្រកបវិជ្ជាជីវៈជាគ្រូពេទ្យ មានទាំងសមត្ថភាព ជំនាញច្បាស់លាស់ ប្រកបដោយគុណភាពខ្ពស់ ដើម្បីផ្ដល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។ ដូច្នេះ នៅសាកលវិទ្យាល័យវិទ្យាសាស្ដ្រាសុខាភិបាលយើងបច្ចុប្បន្ននេះ បាននឹងបន្ដកំណែទម្រង់នៃការបង្រៀន ដោយបំពាក់ឧបករណ៍បច្ចេកទេសទំនើបៗពីក្រៅប្រទេស ឱ្យនិស្សិតអនុវត្ដផ្ទាល់យ៉ាងស្ទាត់ជំនាញ មុននឹងអនុវត្ដទៅលើអ្នកជំងឺ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបែបនេះ ក្នុងឱកាសចុះមកពិនិត្យសម្ភារ ឧបករណ៍ពេទ្យទំនើបៗពីក្រៅប្រទេសនៅមន្ទីរពិសោធន៍បង្ហាញត្រាប់ នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ការបំពាក់ឧបករណ៍ទំនើបនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនេះ គឺមិនអាចខ្វះបានឡើយ ដើម្បីបង្ហាត់បង្រៀន ដល់និស្សិត ឱ្យទទួលបាន នូវចំណេះជំនាញ និងភាពប៉ិនប្រសព្វ ពេលចេញមកប្រកបវិជ្ជាជីវៈ ព្យាបាលប្រជាពលរដ្ឋ ប្រកបដោយគុណភាព»

ជាពិសេស ស្របទៅតាមកគោលនយោបាយ របស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងម៉េចឱ្យគ្រូពេទ្យរបស់យើង ឱ្យមានការថែទាំព្យាបាលជូនពលរដ្ឋ ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ ។ដូច្នេះ ដើម្បីទទួលបាននូវគុណភាព និងប្រសិទ្ធិភាពនេះ លុះត្រាតែសាលាបណ្ដុះបណ្ដាលរបស់យើង មានសម្ភារបច្ចេកទេស ហើយគ្រូមានមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបង្កើនចំណេះវិជ្ជាដល់និស្សិតរបស់យើង និងអ្នករៀនឯកទេសរបស់យើង ។

រដ្ឋមន្ដ្រីបន្ដថា «ដូច្នេះការបំពាក់ឧបករណ៍ និងការអនុវត្ដន៍ ក្នុងសកលវិទ្យាល័យនេះ ជាលក្ខខណ្ឌចាំបាច់ ដើម្បីធ្វើឱ្យគ្រូពេទ្យយើង មានភាពប៉ិនប្រសព្វ និងអាចផ្ដល់សេវាជូនប្រជាពលរដ្ឋយើង ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់។ បើសាលាដើរមិនទាន់សម័យទេ យើងផលិតគុណភាពគ្រូពេទ្យ មិនទាន់សម័យបច្ចេកវិទ្យាទំនើបដែរ»។

ជាងនេះទៅទៀត សាលាត្រូវតែបង្កើនគុណភាពបណ្ដុះបណ្ដាលឱ្យកាន់តែខ្ពស់ ហើយប្រើនូវបច្ចេកវិទ្យាទំនើប ដល់ពេលគ្រូពេទ្យចេញទៅ អាចប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះយ៉ាងស្ទាត់ជំនាញ។ «ដូចនេះ យើងនឹងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបណ្ដុះបណ្ដាលគ្រូពេទ្យយើង ឱ្យមានកម្រិតនិយាមនៅក្នុងតំបន់ ទាន់សម័យកាលរីកចម្រើននូវប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ ឱ្យដូចជាប្រទេសដទៃ»

ជាមួយគ្នានោះ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល លោកសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងបញ្ជាក់ថា គោលដៅនៃការអភិវឌ្ឍ និងការកំណែទម្រង់របស់សាកលវិទ្យាល័យ គឺបន្ទាប់ពីការបង្រៀនទ្រីស្ដីហើយ យើងនឹងបន្ដបង្រៀនការអនុវត្ដដល់និស្សិត ឱ្យបានច្រើនជាមួយនឹងឧបករណ៍ទំនើបៗយ៉ាងប៉ិនប្រសព្វ មុននឹងអនុវត្ដទៅលើអ្នកជំងឺ។

លោកសាស្ដ្រាចារ្យ ថ្លែងបន្ដថា «ដូច្នេះដើម្បីសុវត្ថិភាពរបស់អ្នកជំងឺ និងភាពប៉ិនប្រសព្វរបស់និស្សិត គឺយើងបែរមកអនុវត្ដនៅបន្ទប់បង្រៀនបង្ហាញត្រាប់ នៅលើម៉ាឡាកាំង ទោះមិនដូចមនុស្ស១០០% តែវានឹងអាចផ្ដល់នូវការអនុវត្ដភាពដ៏ប៉ិនប្រសព្វរបស់គាត់ ឱ្យបានមានភាពល្អប្រសើរ មុននឹងអនុវត្ដជាក់ស្ដែង»

លើសពីនោះ ទស្សនវិស័យរបស់សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល គឺបង្កើនធនធានមនុស្សប្រកបដោយគុណភាព ព្រោះគុណភាព ជាគន្លៈចម្បង ដើម្បីផ្ដល់សុវត្ថិភាពជូនប្រជាពលរដ្ឋ៕