(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់ ពេលបញ្ជូនសង្រ្គោះនៅឯមន្ទីរពេទ្យ ខណៈដែលត្រូវជនមិនស្គាល់មុខដេញចាក់ជាច្រើនកាំបិត។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងសំណង់ផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពបុរសរងគ្រោះឈ្មោះ ជីន សុភា ភេទប្រុសមានអាយុ៣២ឆ្នាំ មានមុខរបរជាអ្នកដឹកឥវ៉ាន់តាមអនឡាញ និងមានស្រុកកំណើត ស្ថិតនៅភូមិខ្សាច់ឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មធ្យោបាយធ្វើដំណើរម៉ូតូ HONDA DREAM 125 ពណ៌ខ្មៅស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ1R-8743។

ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសខាងលើ បានរត់ចេញពីកន្លែងសំណង់ផ្ទះល្វែង ទុកចោលខាងលើចម្ងាយ ជាង១០០ម៉ែត្រ ហើយបានស្រែកហៅឲ្យគេជួយផងមានគេប្លន់គាត់ ហើយរត់មកទាំងខ្លួនត្រូវគេចាក់ចំជើងទាំងសងខាង រត់មកដួលក្នុងថ្លុកទឹក។

ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋ បាននាំគ្នាខលហៅរថយន្តសង្រ្គោះបន្ទាន់ ដើម្បីដឹកបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យផងដែរ តែដោយសារជនរងគ្រោះ ហូរឈាមច្រើនពេកពិបាក ក្នុងការក្នុងការជួយសង្គ្រោះ បណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ ដើម្បីចុះមកធ្វើការត្រួតពិនិត្យសព ដើម្បីធ្វើកំណត់ហេតុប្រគល់ សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនសង្ស័យ សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ និងតាមចាប់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕