(កណ្ដាល)៖ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រុមការងារជំនាញរយៈពេលជាង២ម៉ោងរួចមកនៅរសៀលថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ ២០១៩នេះ ឃើញថាសាឡង់បូមខ្សាច់ដែលជាប់គឿងនឹងសសរស្ពានព្រែកតាមាក់ មិនមានការប្រែប្រួលអ្វីឡើយ ដូច្នេះថ្នាក់ដឹកនាំក្រសួងសាធារណៈការនិងដឹកជញ្ជូន អភិបាលនិងស្នងការនគរបាលខេត្តកណ្ដាល បានពិភាក្សាគ្នាដោយប្រើយុទ្ធសាស្ត្រផ្សាកាត់សាឡង់បង្ហូរខ្សាច់ចេញវិញម្ដងដើម្បីបន្ធូរភាពតានតឹង ព្រោះកម្លាំងទឹកហូរបុកខ្លាំង បូកផ្សុំនឹងទម្ងន់សាឡង់រួមទាំងខ្សាច់ជិត១ពាន់តោនផងនោះ កម្លាំងទាញសាឡង់មិនអាចទៅរួចនោះទេ ។

ការណ៍នេះគេអាចសន្មតថា មានប្រសិទ្ធភាពជាងយុទ្ធសាស្ត្រមុន ខណៈក្រុមជំនាញការណ៍ផ្សាដែកនឹងមុជចុះទៅទម្លុះពោះសាឡងដើ់ម្បីបង្ហូរខ្សាច់ចោលទាំងអស់ ។

នាវេលាម៉ោង៥រសៀលថ្ងៃនេះ ក្រុមថ្នាក់ដឹកនាំបានសម្រេចថា "យកយុទ្ធសាស្ត្រនេះ"ហើយដើម្បីពន្លឿនដំណោះស្រាយសាឡង់ជាប់គឿងនេះ ។

គួរជម្រាបថា ស្ពានព្រែកតាមាក់មានប្រវែង សរុប១០៦០ម៉ែត្រ និងទទឹងប្រវែង ១៣.៥ ម៉ែត្រ ជាមួយនឹងល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ការសាងសង់ស្ពាននេះ បានចំណាយថវិកាប្រមាណ៤៣.៥លានដុល្លារ ក្រោមជំនួយប្រាក់កម្ចីរបស់ប្រទេសចិន និងបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១០កន្លងទៅ៕