(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើតក្រុមការងារសម្របសម្រួលការគ្រប់គ្រងគ្រោះមហន្តរាយ និងក្រុមអន្តរាគមន៍ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះ មហន្តរាយ ដោយមាននាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាប្រធានក្រុមការងារ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្យាយស្តីពីសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារនេះ នាព្រឹកថ្ងៃទី៩ កញ្ញា នៅទីស្តី ការគណៈរដ្ឋមន្ត្រី លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា ក្រុមការងារសម្របសម្រួលការគ្រប់គ្រងគ្រោះ មហន្តរាយ និងក្រុមអន្តរាគមន៍ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះ មហន្តរាយ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចបង្កើតនាពេលនេះ មានសមាសភាពមកពីបណ្តា ក្រសួង ស្ថាប័ន ជាសមាជិកក្រោមការបញ្ជាផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានភារៈកិច្ចសំខាន់ៗជាច្រើនសម្រាប់ដោះស្រាយការងារគ្រោះមហន្តរាយ។

តួនាទីភារកិច្ចនោះរួមមាន៖ ចូលរួមធ្វើប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ដោយផ្តោតសំខាន់លើការការពារអាយុជីវិតប្រជាពលរដ្ឋរងគ្រោះ, ចូលរួមអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងមនុស្សនៅក្នុងភូមិសាស្ត្រ និងជុំវិញភូមិសាស្ត្រ នៃកង ឯកភាពខ្លួនទទួលខុសត្រូវ ទោះមានបទបញ្ជា ឬពុំទាន់មានបទបញ្ជារបស់ថ្នាក់លើក្តី ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនៅនឹងកន្លែងកើតមាន គ្រោះមហន្តរាយ,សមាជិកនៃក្រុមការងារ ត្រូវរៀបចំ និងធ្វើបច្ចុប្បន្នភាពផែនការត្រៀមបំរុងសម្រាប់ការឆ្លើយតប និងការសង្គ្រោះគ្រោះមហន្តរាយតាមអង្គភាព និងស្ថាប័នរៀងៗខ្លួន និងផ្ញើជូនមកគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយនៅរៀងរាល់ដើមឆ្នាំ,ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារបរិក្ខា ដើម្បីចូលរួមធ្វើអន្តរាគមន៍ រុករក និងសង្គ្រោះពេលមានគ្រោះមហន្តរាយកើតឡើង,សម្របសម្រួល និងសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ និង កាកបាទក្រហមកម្ពុជា ដើម្បីធ្វើប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយទៅតាមនីតិវិធីដែលបានរៀបចំ ឡើងជាដើម។

នាយកឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈ កម្មាធិការជាតិគ្រោះមហន្តរាយបានគូសបញ្ជាក់ថា គ្រោះមហន្តរាយវាតែងកើតមានឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យ យើងត្រូវតែត្រៀមលក្ខណៈក្នុងការឆ្លើយតបជាប្រចាំ បើមិនដូច្នោះទេនោះ ការឆ្លើយតប និងការសង្គ្រោះពិតជានឹងយឺតយ៉ាវជាក់ជាមិនខាន៕