(សៀមរាប​)៖ គម្រោងជួយសង្គម ផ្តួចផ្តើម ដោយ លោក បាន វិបុល (BAN VIBOL INITIATIVE) និង វិចិត្រករ លោក រៀម មុនីស៊ីឡុង នៅសប្តាហ៍នេះ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីលើកស្ទួយផលិតផលកម្ពុជា។

ជាពិសេស បង្កើតការងារជូនទៅដល់ប្រជាពលរដ្ឋខ្មែរ ស្ថិតនៅក្នុងផ្សារខ្មែរ អេអិនអិម ដែលជាផ្សារសហគមន៍លក់វត្ថុអនុស្សាវរីយ៍​ ច្នៃដោយកូ​នខ្មែរ ជូនដល់ភ្ញៀវជាតិ​ និងអន្តរជាតិ​សនៅសៀ​មរាប។​

លោករៀម មុនីស៊ីឡុង គឺជាវិចិត្រករខ្មែរម្នាក់យកកាកសំណល់ផ្ទះបាយ និងសំរាមសរីរាង្គច្នៃធ្វើផ្ទាំងគំនូរ និងវត្ថុអនុស្សាវរីយ៍។

រូបគាត់ច្នៃកាកសំណល់ជាច្រើនប្រភេទ ដែលប្រជាពលរដ្ឋខ្មែរសល់ពីផ្ទះបាយ ហើយបោះចោល ដូចជាស្រកាត្រី សម្បកខ្យងខ្ចៅ សម្បកពងទា ព្រមទាំងសំណល់សរីរាង្គ ដូចជាស្លឹកឈើងាប់ ដើមល្ហុងពុក សម្បកធាងដូង ជួកត្នោត ព្រមទាំងកាកអំពៅជាដើម សុទ្ធតែអាចយកទៅកែច្នៃធ្វើជាក្រដាស ហើយគូរគំនូរដ៏ស្រស់ស្អាតបាន។

ទន្ទឹមនឹងនោះ លោក Jomari Cruz ជានាយកកម្មវិធីបានថ្លែងថា គម្រោងជួយសង្គម ផ្តួចផ្តើម ដោយ លោក បាន វិបុល​ (BAN VIBOL INITIATIVE) ដែលបង្កើតឡើងដើម្បីផ្តួចផ្តើុមជួយគាំទ្រសហគមន៍ ផ្សារផលិផលកម្ពុជា។

លោកបន្តថា នេះជាកិត្ដិយស និងជាមោទនភាពណាស់ចំពោះសហគមន៍យើង ដែល​មានសិល្បករ ខ្មែរ មានទេពកោសល្យ និងសមត្ថភាពខ្ពស់ខាងកែច្នៃប្រឌិត សំរាម ចូលរួមជាមួយ កម្មវិធី ជួយសង្គមរបស់ឃីងរ៉ូតអង្គរ Ban Vibol's Initiatives ហើយលោក​រៀម មុនីស៊ីឡុងក៏បានអរគុណដល់គម្រោង Ban Vibol's Initiativeផងដែរ​៕