(ភ្នំពេញ)៖ សាកលវិទ្យាល័យធនធានមនុស្ស បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយ AVIS Education and Training LLP នៃប្រទេសសិង្ហបូរី នារសៀលថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩។

តាមរយៈអនុស្សរណៈនេះ ស្ថាប័នទាំងពីរ សហការរួមគ្នាក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល AVIS សិង្ហបូរី Singapore Avis Training Center SATC នៅទីតាំងសាកវិទ្យាល័យធនធានមនុស្ស ក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាលកម្មវិធីសិក្សាអន្តរជាតិATHE ដែលមានការទទួលស្គាល់ពីដៃគូ Awards for Training and Higher Education (ATHE) នៃចក្រភពអង់គ្លេស ដើម្បីបណ្តុះបណ្តាលសមត្ថភាពនិស្សិតទាំង ភាសាអង់គ្លេស មុខវិជ្ជាមូលដ្ឋាននៃធុរកិច្ចនិងការស្រាវជ្រាវ ដើម្បីបន្តការសិក្សាកម្រិតជំនាញវិជ្ជាជីវៈ និងបរិញ្ញាបត្រ នៅប្រទេសសិង្ហបូរី និងនៅចក្រភពអង់គ្លេស នៅក្នុងឆ្នាំបន្តបន្ទាប់ដោយមានការទទួលស្គាល់ ក្រេឌីតសិក្សា។

និស្សិតដែលសិក្សា ក្នុងកម្មវិធីសិក្សាជាលក្ខណៈ អន្តរជាតិនេះ នឹងទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យធនធាមនុស្ស និងពី ATHE នៃចក្រភពអង់គ្លេស ដែលជាមូលដ្ឋាន សម្រាប់បន្តការសិក្សាទៅប្រទេសសិង្ហបូរី អូស្រ្តាលី ចក្រភពអង់គ្លេស និងបណ្តាប្រទេសអភិវឌ្ឍជាច្រើនទៀត។ តាមរយៈការចុះអនុស្សរណៈនេះ សាកលវិទ្យាល័យធនធានមនុស្ស សង្ឃឹមជឿជាក់ថា នឹងផ្តល់អត្ថប្រយោជន៍ សម្រាប់និស្សិតសាកល វិទ្យាល័យធនធានមនុស្ស ពិសេសអ្នកដែលមានបំណង ចង់បន្តការសិក្សាទៅក្រៅប្រទេស៕