(ត្បូងឃ្មុំ)៖ គ្រាដែលទឹកជំនន់ទន្លេមេគង្គនៅខេត្តត្បូងឃ្មុំ បន្តហក់ឡើងលើសកម្រិតប្រកាសអាសន្ន ដែលបណ្ដាលឱ្យប៉ះពាល់ដល់ស្រុកចំនួន៣ ខណៈប្រជាពលរដ្ឋជាង ១ពាន់គ្រួសារ នៅស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ត្រូវបានជម្លៀសចេញពីផ្ទះ ទៅកាន់ទីទួលមានសុវត្ថិភាព។

សម្រាប់ស្រុកអូរាំងឪវិញ ក៏បានទទួលរងផលប៉ះពាល់ដោយសារទឹកជន់លិចចូលផ្ទះចំនួន ៣៤គ្រួសារ នៅក្នុងភូមិចំនួន២ ក្នុងឃុំមៀន ស្រុកអូរាំងឪ។

ក្រោយទទួលដំណឹងភ្លាមៗ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី រួមជាមួយសហការី និងអាជ្ញាធរស្រុក បានចុះទៅមើលស្ថានភាពទឹកជំនន់ជន់លិច ព្រមទាំងសំណេះសំណាល ក៏ដូចជានាំយកអំណោយសាខាកាកបាទក្រហមខេត្តទៅផ្ដល់ជូនបងប្អូនទាំង ៣៤គ្រួសារ ដើម្បីជួយសម្រួលតម្រូវ ការចាំបាច់ជាក់ស្ដែង។

នាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យចៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីការ ខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នក្មេងតូចៗ និងមនុស្សចាស់ដែលគ្រោះថ្នាក់ដោយសារលង់ទឹក។

មួយវិញទៀត ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស បើសិនមានតិច ឬខាំ ត្រូវបញ្ជូនទៅមណ្ឌលសុខភាព ឬក្រុមគ្រូពេទ្យ នៅជិតបំផុត ដោយរដ្ឋបាលខេត្តបានរៀបចំនៅតាមទីតាំង ទីទួលសុវត្ថិភាពពេញ ២៤ម៉ោង។ លោក អភិបាលខេត្តបានផ្តាំផ្ញើដល់អាជា្ញធរស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។

បើតាមលោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ឲ្យដឹងថា អំណោយចែកជូននៅពេលនោះ ក្នុងមួយមួយគ្រួសារៗទទួលបាន គ្រឿងឧបភោគបរិភោគ និងថវិកា ៣ម៉ឺនរៀលផងដែរ៕