(កំពត)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា ផ្លូវនៅក្នុងប្រទេសកម្ពុជាសរុប ៣៦ខ្សែ ស្មើនឹង ៦០គីឡូម៉ែត្រ ក្នុង១១ខេត្ត បានទទួលរងផលប៉ះពាល់ខូចខាត ដោយសារតែជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង។

ការបញ្ជាក់ឲ្យដឹងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពផ្លូវរងការខូចខាតដោយទឹកជំនន់ នៅក្នុងខេត្តកំពត នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ផ្លូវនៅក្នុងប្រទេសកម្ពុជា សរុប៣៦ខ្សែ ស្មើនឹង៦០គីឡូម៉ែត្រ ក្នុងខេត្តចំនួន១១ បានទទួលរងផលប៉ះពាល់ខូចខាត ដោយសារតែជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា «ឥឡូវនេះ មិនទាន់ចាប់ផ្ដើមធ្វើការជួសជុលទេ ដល់តែរដូវភ្លៀងបិទបញ្ចប់ទៅ បានចាប់ផ្ដើមជួសជុលកែលម្អផ្លូវឡើងវិញ។ បច្ចុប្បន្នក្រសួង មានទាំងថវិកា និងបានត្រៀមលក្ខណៈសម្បត្ដិ ព្រមទាំងបច្ចេកទេសរួចរាល់ហើយ ដើម្បីស្ដារ និងស្រោចស្រង់ផ្លូវទាំងនោះឡើងវិញ»

តែទោះបីជាយ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនទាន់បញ្ជាក់អំពីទំហំទឹកប្រាក់ ដែលនឹងត្រូវចំណាយលើការជួសជុលផ្លូវទាំងនោះនៅឡើយទេ៕