(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ នៅចំណុចមុខផ្ទះលេខ៩ ផ្លូវលេខ៣៩៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (ឆក់ទ្រព្យសម្បត្តិ) ចំនួន៣ករណី និងចាប់យកម៉ូតូ ជាមធ្យោបាយធ្វើសកម្មភាព ចំនួន២គ្រឿង។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ លោក ប៊ុន សត្យា បានថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃអាទិត្យនេះថា ជនសង្ស័យទាំង ៤នាក់នេះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២០៖៣០នាទី និងបានបញ្ជូនមកកាន់ការិយាល័យដើម្បីធ្វើការសាកសួរចាត់ការ តាមនីតិវិធី។

*ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (ឆក់កាបូបស្ពាយ) នៅចំណុចមុខផ្ទះលេខ១៩០ ផ្លូវលេខ ១៤៣ ក្រុម៥៤ ភូមិ៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៦៖០០នាទី។

*ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាក OPPO ) នៅចំណុចមុខផ្ទះលេខ១៩០ ផ្លូវលេខ១៤៣ ក្រុម៥៤ ភូមិ៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៦៖០០នាទី។

*ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (ឆក់កាបូបដៃ) នៅចំណុចមុខផ្ទះលេខ២៥អា ផ្លូវលេខ៣២០ ក្រុម៥៩ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៨៖៣០នាទី។

បើតាមលោក ប៊ុន សត្យា ជនសង្ស័យឃាត់ខ្លួន រួមមាន៖

*ទី១៖ ឈ្មោះ សឺង ធី អាយុ១៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ៤០ ផ្លូវលេខ៣៧៦ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ ហៀង ប៊ុនហាក់ អាយុ១៥ឆ្នាំ មុខរបរសិស្សវិទ្យាល័យទួលទំពូង ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៣៦០ សង្កាត់ទួលស្វាយ១ ខណ្ឌចំការមន រាជធានីភ្នំពេញ
*ទី៣៖ ឈ្មោះ សេង ពិសី អាយុ១៥ឆ្នាំ មុខរបរសិស្សវិទ្យាល័យបុរី១០០ខ្នង ស្នាក់នៅផ្ទះលេខ១៨៩ ផ្លូវលំភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
*ទី៤៖ ឈ្មោះ ប្រាក់ សំណាង ហៅហេង អាយុ១៤ឆ្នាំ មុខរបរសិស្សវិទ្យាល័យបុរី១០០ខ្នង ស្នាក់នៅផ្ទះលេខ១៦ ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច២ ពណ៌ស ឆ្នាំផលិត ២០១៩ លេខតួ ៧៥២៨៥៥ លេខម៉ាស៊ីន ៧៥២៨៨៧ ពាក់ស្លាកលេខ ភ្នំពេញ ១HU ៨២៧៥ និងម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច២ ពណ៌ក្រហមខ្មៅ ឆ្នាំផលិត២០១៩ លេខតួ៧៥២៣២៩ លេខម៉ាស៊ីន៧៥២៤៩១ ពាក់ស្លាកលេខ ភ្នំពេញ១HV ៧៤៩៤។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕