(កំពត)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប៉ីល សុផល អភិបាលរងខេត្តកំពត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ រួមជាមួយសហការី បានចុះមកសំណេះសំណាល ជាមួយសមាជិកសហគមន៍នេសាទត្រពាំងសង្កែ ចំនួន៣៣គ្រួសារ ឃុំព្រែកត្នោត ខេត្តកំពត។

រាយការណ៍ជូនលោករដ្ឋមន្រ្តីជ្រាប លោក សឹម ហីម ប្រធានសហគមន៍នេសាទ បានឲ្យដឹងថា សហគមន៍នេះ បានបង្កើតឡើងនៅឆ្នាំ ២០០៩ ចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នៅក្រសួងកសិកម្ម ក្នុងឆ្នាំ២០១១ បច្ចុប្បន្ន សមាជិក៧៣៤នាក់ អញ្ជើញមកពី៥២៧គ្រួសារ មានផ្ទៃដី៣៣៧ហិកតា គ្របដណ្តប់ទូទាំងឃុំព្រែកត្នោត មាន៣ភូមិ ក្នុងនោះ មានផ្ទៃដីព្រៃកោងកាង៣៧ហិកតា ដាំបន្ថែមបាន៣ម៉ឺនដើម ហើយក៏មានគម្រោងដាំបន្ថែមទៀត ដើម្បីពង្រីកផ្ទៃដីឈើកោងកាងសម្រាប់ ជាប្រយោជន៍ដលប្រជាសហគមន៍ នាពេលអនាគត។

លោក ហីម បន្ថែមទៀតថា មុនបង្កើតសហគមន៍ក្នុង១ថ្ងៃ ចេញទៅនេសាទបានចំណូលត្រឹមតែ១ម៉ឺនរៀល បច្ចុប្បន្នចំណូលកើនដល់៤-៥ម៉ឺនរៀល។ ដោយឡែក ចំពោះសហគមន៍អាចរកចំណូលបាន ៤-៥លានរៀល តាមរយ: ការផ្តល់សេវាម្ហូបអាហារ ផ្ទះសំណាក់ ទូកទេសចរណ៍ និងអាជីវកម្មផ្សេងៗទៀត។ ក្រៅពីចំណូល សហគមន៍ បានចូលរួមការពារព្រៃកោងកាង ទប់ស្កាត់ការទន្រ្ទានយកដី និងព្រៃកោងកាងធ្វើជាកម្មសិទ្ធិ ការពារផលនេសាទ និងជីវចម្រុះគ្រប់ប្រភេទសម្រាប់ជំនាន់នេះ និងជំនាន់ក្រោយ កាត់ បន្ថយចំណាកស្រុក ក្មួយៗកុមារមានឱកាសចូលរៀនគ្រប់ៗគ្នា។

ជាមួយសមិទ្ធផលដែលសហគមន៍សម្រេចបាន លោក ហីម ក៏បានសម្តែងនូវក្តីបារម្ភទាក់ទងការងារគ្រប់គ្រងសំរាម បទល្មើសនេសាទ ព័ត៌មានស្តីពីគម្រោងអភិវឌ្ឍគម្រោង ដែលអាចប៉ះពាល់ដល់សហគមន៍។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី និងអភិបាលរងខេត្ត បានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ ដែលភាគច្រើនជាខ្មែរឥស្លាម ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរដែនដី លោកបានពាំនាំនូវ ការផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៉ុន រ៉ានីហ៊ុន សែន ដែលសម្តេចតែងតែគិតគូពីសុខទុក្ខ បញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា ហើយសម្តេចទាំង៤ បានជូនពរឲ្យបងប្អូនប្រជាសហគមន៍ទាំង ៥២៧គ្រួសារ ជួបតែពុទ្ធពរទាំង៤ ប្រការគ្រប់ៗគ្នា។

ក្នុងពិធីសំណេះសំណាលនេះ លោកបានសាកសួរនាំអំពីសុខទុក្ខ សកម្មភាពនៃការផ្តល់សេវាកម្មទេសចរណ៍ជូនភ្ញៀវ ការងារបង្កបង្កើនផល សកម្មភាពអភិវឌ្ឍសហគមន៍ លោករដ្ឋមន្ត្រី និងលោកអភិបាលរងខេត្ត បានកោតសរសើរចំពោះឆន្ទះរបស់ប្រជាសហគមន៍ក្នុងការការពារ ថែរក្សា អភិវឌ្ឍ និងអភិរក្សដី និងព្រៃកោងកាងក្នុងតំបន់នេះបានល្អប្រសើរ។

មិនតែប៉ុណ្ណោះបានខិតខំប្រឹងប្រែងអភិវឌ្ឍសហគមន៍ រហូតទទួលបានកេរ្តិ៍ឈ្មោះល្បីថា ជាតំបន់ទេសចរណ៍ធម្មជាតិព្រៃ កោងកាងដ៏ល្អប្រណិតក្នុងខេត្តកំពត ហើយទាញយកផលពីការអភិវឌ្ឍនេះ ធ្វើឲ្យជីវភាពមានការប្រែប្រួលជាវិជ្ជមាន តាមរយ:ចំណូលគ្រួសារមានចីរភាព និងនិរន្តរភាព។

ដោយឃើញពីសក្តានុពលព្រៃកោងកាង លោករដ្ឋមន្រ្តី បានលើកទឹកចិត្ត និងបន្តគាំទ្ររាល់សកម្មភាពអភិវឌ្ឍ និងអភិរក្សរបស់សហគមន៍ ដើម្បីការពារតំបន់នេះ ដែលជាសម្បត្តិធម្មជាតិរបស់ជាតិ និងនិរន្តរភាព នៃកំណើនសេដ្ឋកិច្ចសហគមន៍ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

ក្រៅពីនេះ លោករដ្ឋមន្រ្តីបានណែនាំឲ្យប្រធានសហគមន៍ និងសមាជិក ខិតខំសិក្សារៀនសូត្របន្ថែមទាក់ទងការងារគ្រប់គ្រង ដឹកនាំសហគមន៍ ទេសចរណ៍ ផ្ទះសំណាក់ និងសេវាកម្មផ្សេងៗទៀត ដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមអភិវឌ្ឍសហគមន៍នេះឲ្យមានការរីកចម្រើនថែមទៀត។

ដោយឡែក រដ្ឋបាលជលផល សហការជាមួយមន្ទីរសិក្សាពីលទ្ធភាពបង្កើតអាជីពបន្ថែមដូចជាចិញ្ចឹមត្រី ដើម្បីបង្កើនប្រាក់ ចំណូល។ យោងលើសំណូមពររបស់លោកប្រធានសហគមន៍ ទាក់ទងបទល្មើសនេសាទ លោកបានណែនាំឲ្យរដ្ឋបាលជលផល មន្ទីរ និងសហគមន៍ចាត់វិធានការឲ្យបានទាន់ពេលវេលា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន៕