(ភ្នំពេញ)៖ ដោយមើលឃើញពីកំណើន នៃការប្រើប្រាស់រថយន្ត និងឧបករណ៍ដែលប្រើប្រាស់គ្រឿងម៉ាស៊ីន មានកើនឡើងខ្លាំងនោះ មជ្ឈមណ្ឌលសេវាកម្មជួសជុលម៉ាស៊ីន អ៉ីឆាយ ដែលជាបុត្រសម្ព័ន្ធ នៃក្រុមជួសជុលគ្រឿងម៉ាស៊ីនដ៏ល្បីឈ្មោះរបស់ចិន នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការហើយនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយជួសជុលគ្រឿងម៉ាស៊ីនឱ្យបានទាន់នឹងកំណើននៃការប្រើប្រាស់របស់អតិថិជន។

ពិធីបើកសម្ភោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសេវាកម្មជួសជុលម៉ាស៊ីន អ៉ីឆាយ នេះដែរ ធ្វើឡើងក្រោមអធិបតីលោក Homen Tandijono chairmen of TF Motor (Cambodia) co., Ltd, លោក Wei Wu Yan General Manager, selles company international Department និងមានការចូលរួមពីភ្ញៀវកិត្តិយកជាច្រើនទៀតផងដែរ ដែលពិធីនេះបានរៀបចំឡើងនៅទីតាំងមជ្ឈមណ្ឌល សេវាកម្មជួសជុលម៉ាស៊ីន អ៉ីឆាយ ដែលស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក Homen Tandijono បានលើកឡើងថា ជាមួយនិងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា តាមរយៈគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ បានធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានការរីកចម្រើនខ្លាំងក្នុងពិភពលោក ដូចនេះគឺយើងត្រូវយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះតម្រូវការសុវត្ថិភាពរបស់ជីវិត ហើយទស្សនៈរបស់ក្រុមហ៊ុន TF Motor គឺផ្តល់ជូនផលិតផល និងសេវាកម្មល្អ ដែលអាចឱ្យអតិថិជនទុកចិត្តបានទៅលើសុវត្ថិភាព។

លោក Homen Tandijono បានបញ្ជាក់ទៀតថា ដោយមើលឃើញពីកំណើនយ៉ាងឆាប់រហ័សនេះហើយ លោកមិនត្រឹមតែបើកនូវសេវាកម្មជួសជុលម៉ាស៊ីន និងតាំងបង្ហាញផលិតផលគ្រឿងម៉ាស៊ីននៅក្នុងរាជធានីភ្នំពេញនោះទេ គឺលោកនឹងបើកនូវសេវាកម្មដឹកជញ្ជូន និងសេវាកម្មក្រោយពេលលក់បន្ថែមទៀត ហើយជាក់ស្តែងនៅពេលនេះ គឺលោកបានចាប់ផ្តើមដំឡើងកន្លែងសេវាកម្មជួសជុលម៉ាស៊ីន នៅក្នុងក្រុងព្រះសីហនុមួយបន្ថែមទៀត ដោយលោករំពឹងថា និងផ្តល់នូវសេវាកម្មជួសជុលគ្រឿងម៉ាស៊ីនដែរល្អដល់កម្ពុជាផងដែរ។

សូម បញ្ជាក់ដែរថា ក្រុមហ៊ុនជួសជុលគ្រឿងម៉ាស៊ីនធំ ដែលមានទីតាំងធំនៅក្នុងប្រទេសចិន មានឈ្មោះថា ក្រុមហ៊ុន គងស៊ី អ៉ីឆាយ បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥១ ដែលបានអភិវឌ្ឍខ្លួនទៅជាក្រុមហ៊ុនជួសជុលគ្រឿងម៉ាស៊ីនឯករាជ្យ ដែលធំជាងគេនៅក្នុងប្រទេសចិន ហើយបន្ទាប់ពីបានអភិវឌ្ឍន៍ខ្លួនបានជាច្រើនឆ្នាំកន្លងមក បានបង្កើតផលិតបានជាង២ពាន់មុខ ដែលអាចបំពាក់លើក្នុងរថយន្តដឹកជំនិញ ឡានក្រុង គ្រឿងម៉ាស៊ីន គ្រឿងសំណង់ ឧបករណ៍កសិកម្ម ការផលិតនាវា ពិសេសនោះគឺនៅលើរថយន្តធន់ស្រាល។ ផលិតផលប្រចាំឆ្នាំនៃម៉ាស៊ីន អ៉ីឆាយ មានចំនួន៥០ម៉ឺនគ្រឿង ដែលបានចែកចាយនៅក្នុងប្រទេសផ្សេងៗផងដែរ ហើយផលិតផលទាំងអស់នេះបានលក់នៅក្នុងប្រទេសរហូតដល់ជិត២០០ប្រទេសផងដែរ៕