(ភ្នំពេញ)៖ កម្លាំងជំនាញនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នឹម រ៉ាឌី អាយុ៣៨ឆ្នាំ រស់ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមុខសញ្ញានេះធ្លាប់ជាប់ពន្ធនាគារចំនួន ៤លើកមកហើយពីបទ ប្លន់ ​ឆក់ លួច និងគ្រឿងញៀន។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ម៉ិច វុឌ្ឍី ប្រធានក្រុមនីតិវិធី នៃនាយកដ្ឋានព្រហ្មទណ្ឌ បានប្រាប់មកអង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩។

ការឃាត់មុខសញ្ញាម្នាក់នេះ បានកើតឡើងដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ Nguyen thi thu ha ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម អាសយដ្ឋានបច្ចុប្បន្ន នៅសណ្ឋាគារភ្នំពេញ ផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ស្រ្តីរងគ្រោះ បានដាក់ពាក្យប្ដឹងមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកថា មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើសកម្មភាពឆក់កាបូប ត្រង់ចំណុចផ្លូវ៩៣ ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ទោ ម៉ិច វុឌ្ឍី បានឲ្យដឹងថា ក្រោយការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនហើយនោះ កម្លាំងនគរបាល បានដកហូតសម្ភាររួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកស្កុបពីរ ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GR-0326 និងទូរស័ព្ទ ១គ្រឿង មួក អាវ ស្បែកជើង (ពាក់ពេលធ្វើសកម្មភាព) ម៉ាក IPhone 8 Plus ពណ៌ប្រផេះ (របស់ជនរងគ្រោះ)។

ឧត្តមសេនីយ៍ទោ ម៉ិច វុឌ្ឍី បានបញ្ជាក់ថា តាមរបាយការណ៍បឋមជនល្មើលឈ្មោះ ហេង ឌីណា តាមលទ្ធផលស្រាវជ្រាវអំពីអតីតបទ អតីទោស រកឃើញថា៖

*លើកទី១៖ ជាប់គុកនៅ «ម១» ពីបទ ប្លន់ ឆក់ ឃាត់ខ្លួននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ដោះលែងគ្មានឯកសារ
*លើកទី២៖ ជាប់គុកនៅ «ម១» ពីបទ ជួញដូរគ្រឿងញៀន ឃាត់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២ ដោះលែងគ្មានឯកសារ
*លើកទី៣៖ ជាប់គុកនៅ «ម១» ពីបទ លួយ ឆក់កាបូបស្ពាយ ឃាត់ខ្លួននៅថ្ងៃ០៤ ខែធ្នូ ឆ្នាំ២០១៤ និងដោះលែងវិញ នៅថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០១៦
*លើកទី៤៖ ជាប់គុកនៅ «ម១» ពីបទ លួច ឆក់កាបូប ឃាត់ខ្លួននៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ និងដោះលែងវិញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨
*លើកទី៥៖ ឃាត់ខ្លួន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ពីបទ ឆក់កាបូបស្ពាយ ស្រ្តីជនជាតិវៀតណាម នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ដកហូតបានទូរស័ព្ទដៃ១គ្រឿង របស់ជនរងគ្រោះម៉ាក iphone 8 Plus។

បច្ចុប្បន្ននាយកដ្ឋាន បានសាកសួរ និងកសាងសំណុំរឿង និងបញ្ចូនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីបន្ត៕