(ភ្នំពេញ)៖ កម្ពុជា-ឡាវ បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ក្នុងបរិយាកាសស្និទ្ធស្នាល ត្រង់ទៅត្រង់មកអំពីដំណោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ និងការលើកកម្ពស់ កិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានលទ្ធផល នៃទស្សនកិច្ចការងាររបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែកញ្ញា ឆ្នាំ២០១៩ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក សាលើមសៃ គុំម៉ាស៊ីត បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ក្នុងបរិយាកាសស្និទ្ធស្នាល ត្រង់ទៅត្រង់មក អំពីដំណោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ និងការលើកកម្ពស់ កិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះលោក ថងលូន ស៊ីស៊ូលីត បានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងអរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ជំរុញការ ប្រាស្រ័យទាក់ទងល្អរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តីឡាវ បានបញ្ជាក់ថា លោកនឹងដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។

រដ្ឋមន្រី្តការបរទេសទាំងពីរ ក៏បានឯកភាពធ្វើការសម្របសម្រួលគ្នាយ៉ាងជិតស្និទ ដើម្បីធានាឲ្យទស្សនកិច្ចផ្លូវការ របស់លោកនាយករដ្ឋមន្រី្តឡាវ នៅកម្ពុជានាពេលខាងមុខនេះ ប្រព្រឹត្តទៅដោយ ជោគជ័យ ដែលនឹងរួម ចំណែកពង្រឹង និងពងី្រកទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា បម្រើផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា និងឡាវ។ នេះជាខ្លឹមសារបន្ថែមនៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើ៕