(ភ្នំពេញ)៖ យុវជន២នាក់ ជាសិស្សវិទ្យាល័យ «ទួលទំពូង» ដែលឆក់ជនជាតិចិន បណ្ដាលឲ្យធ្លាក់បោកក្បាលស្លាប់ នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង នៅពេលនេះ ត្រូវបានកម្លាំងនគរបាល បង្ក្រាបបានហើយ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ម៉ិច វុឌ្ឍី ប្រធានក្រុមនីតិវិធី នៃនាយកដ្ឋានព្រហ្មទណ្ឌ បានប្រាប់មកអង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ទោ ម៉ិច វុឌ្ឍី បានឲ្យដឹងថា ការចុះបង្ក្រាបយុវជនទាំង២នាក់ ធ្វើឡើងដោយក្រុមនីតិវិធី នៃនាយកដ្ឋានព្រហ្មទណ្ឌ បានសហការជាមួយ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩។

ប្រធានក្រុមនីតិវិធី នៃនាយកដ្ឋានព្រហ្មទណ្ឌ បានបន្ថែមថា ជនសង្ស័យទាំង២នាក់ ទី១៖ ឈ្មោះ ហាក់ ម៉េងហ៊ាង អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស និងទី២៖ ឈ្មោះ ផៃ បូបញ្ហាបុត្រ អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។ ជនសង្ស័យទាំង២នេះ រៀននៅវិទ្យាល័យ «ទួលទំពូង»។ បច្ចុប្បន្ន មន្ត្រីជំនាញ កំពុងកសាងសំណុំរឿង តាមនីតិវិធី។

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង២១៖៤០នាទី មានករណីឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះជនជាតិចិន មិនស្គាល់ឈ្មោះ ដែលកំពុងជិះម៉ូតូកង់បី នៅចំណុចផ្លូវ១៧៣ កែង៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង បណ្តាលឲ្យជនរងគ្រោះ ធ្លាក់បោកក្បាលស្លាប់។ សពដង្កល់ នៅវត្តស្ទឹងមានជ័យ។

ជនរងគ្រោះ មកស្រុកខ្មែរ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងបំណងមករកស៊ី ស្នាក់នៅសណ្ឋាគា អេនជេល ផាលេស ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ៕