(ភ្នំពេញ)៖ ដោយសារខ្លួនមានជំនាញចងចាំដ៏ពិសេស និងកំពុងសិក្សាផ្នែកអភិវឌ្ឍន៍ជនបទនៅប្រទេសថៃផងនោះ លោក ហុង ភារិន ដែលកំពុងតែទទួលបានការកោតសរសើរពីសំណាក់ប្រជាជនកម្ពុជា និងទស្សនិកជននៅក្រៅប្រទេស បានបង្ហាញពីគោលបំណងរបស់ខ្លួន ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ថា ចង់ប្រើជំនាញដែលរៀនរាល់ថ្ងៃ មកចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ពោលគឺបង្កើតជាសាលារៀនចងចាំមួយនៅថ្ងៃអនាគត សម្រាប់បណ្តុះបណ្តាលកូនខ្មែរ ឲ្យមានការចងចាំកាន់តែខ្លាំង និងបានតំណាងប្រទេសកម្ពុជាទៅប្រកួតលើពិភពលោក។

តាមរយៈកិច្ចសម្ភាសន៍ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh News និង KhmerTalking លោក ហុង ភារិន បានថ្លែងថា «ខ្ញុំមានការសប្បាយចិត្តខ្លាំងមែនទែន ដែលបានត្រឡប់មកប្រទេសកម្ពុជា និងមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ដែលលោកបានផ្តល់ភាពកក់ក្តៅដល់រូបខ្ញុំបាទ។ គោលបំណងរបស់ខ្ញុំ គឺខ្ញុំចង់ប្រើទាំងជំនាញដែលខ្ញុំរៀនរាល់ថ្ងៃ មករួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើង»។

លោកបន្តថា «ជំនាញដែលខ្ញុំហាត់រៀនខ្លួនរាល់ថ្ងៃ គឺការចងចាំ គឺខ្ញុំបង្កើតជាសាសាចងចាំមួយ។ ព្រោះបើមើលទៅប្រទេសចិន គឺគេមានរួចហើយ គេបង្កើតជាសាលាចងចាំសម្រាប់បណ្តុះបណ្តាលក្មេងៗរបស់គេឲ្យមានការចងចាំល្អ។ អ៊ីចឹង ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយខ្ញុំអាចបង្កើតសាលាចងចាំមួយ សម្រាប់បណ្តុះបណ្តាលក្មេងៗនៅប្រទេសកម្ពុជាយើង ឲ្យគាត់មានការចងចាំកាន់តែខ្លាំង ហើយតំណាងប្រទេសកម្ពុជាយើងទៅប្រកួតនៅលើពិភពលោក»

ជាមួយគ្នានឹងការត្រឡប់មកមាតុភូមិវិញ ពីសំណាក់និស្សិត ហុង ភារិន ទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីប្រជាជនខ្មែរ ក៏ដូចជាមន្រ្តីធំៗរបស់ រាជរដ្ឋាភិបាល។ អ្វីដែលពិសេស គឺលោកទទួលបានការអនុញាត ឲ្យចូលជួបសំណេះសំណាលជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ខ្លួនទៅថ្ងៃអនាគត ជូនដល់សម្ដេចតេជោផងដែរ។ ហើយសម្ដេចតេជោ ក៏បានណែនាំនូវដំបូន្មានល្អជាច្រើនដល់គេ និងបំពេញក្ដីបំណងរបស់គេ និងបងប្រុស ឲ្យសមតាមអ្វីដែលខ្លួនចង់បានទៀតផង។

សូមបញ្ជាក់ថា និស្សិត ហុង ភារិន បានធ្វើឲ្យប្រជាជនខ្មែរ-ថៃ ស្ញើចសរសើរមិនដាច់ពីមាត់នូវសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់គេ តាមរយៈការបញ្ចេញសមត្ថភាពដ៏អស្ចារ្យរបស់ទូរទស្សន៍ថៃ ក្នុងកម្មវិធី «Super 100»។ ក្នុងនោះលោកទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការថៃ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាមជា «អច្ឆរិយកម្ពុជា» ថែមទៀត។