(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ទឹកទន្លេមេគង្គលើ នៅស្ថានីយជលសាស្រ្ត ខេត្តស្ទឹងត្រែង បានចាប់ផ្តើមស្រកចុះជាបន្តបន្ទាប់។ ដោយឡែកនៅស្ថានីយ ជលសាស្រ្តខេត្តក្រចេះ និងខេត្តកំពង់ចាម ទឹកនឹងចាប់ផ្តើមស្រកចុះ នៅកំឡុងពេល ១ទៅ២ថ្ងៃទៀត។ នេះបើតាមប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា ជាសត្យានុម័ត នៅពេលដែលទឹកទន្លេមេគង្គ ភាគខាងលើស្រកចុះ នោះភាគខាងក្រោមនឹងបន្តឡើង។

ដោយឡែក សម្រាប់ស្ថានីយជលសាស្រ្តកោះខែល នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ទឹកមានកម្ពស់ ៧.៥០ម៉ែត្រ ខ្ពស់ជាងកម្រិតប្រុងប្រយ័ត្ន០.១០ម៉ែត្រ (កម្ពស់ប្រុងប្រយ័ត្ន៧.៤០ម៉ែត្រ)។ យោងតាមការព្យាករ នៅស្ថានីយជលសាស្រ្តកោះខែល ទឹកនឹងបន្តឡើងដល់កម្ពស់៧.៧៥ម៉ែត្រ ក្នុងរយៈពេល៤ ទៅ៥ថ្ងៃទៀត។

ការកើនឡើង នៃកម្ពស់ទឹកនេះ ជាបច្ច័យវិជ្ជមានផង និងអវិជ្ជមានផង សម្រាប់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេបាសាក់ ក្នុងភូមិសាស្រ្តស្រុកស្អាង និងស្រុកកោះធំ របស់ខេត្តកណ្តាល និងមួយផ្នែករបស់ ខេត្តតាកែវ ដែលទទួលរបបទឹកពីទន្លេបាសាក់។

ផលវិជ្ជមាន គឺទឹកបានហូរនាំដីល្បាប់ចូលតាមព្រែកទៅកាន់វាលទំនាប និងបឹងបួរនានា ។ ផលអវិជ្ជមាន គឺទឹកលើសពីតម្រូវការ ដែលអាចបង្កឲ្យមានការប៉ះពាល់ដល់ភូមិឋានរបស់ប្រជាពលរដ្ឋ និងហេដ្ឋា-រចនាសម្ព័ន្ធផ្សេងៗ ក៏ដូចជាបាតុភូតធម្មជាតិបណ្តាលឲ្យមានការបាក់ច្រាំងទន្លេជាដើម ។

យោងលើស្ថានភាពកម្ពស់ទឹក ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕