(កំពង់ចាម)៖ ដើម្បីចូលរួមការពារ និងលើកកម្ពស់សោភណ្ឌភាពបរិស្ថាននៅតាមដងផ្លូវចំងាយ៦គីឡូម៉ែត្រ ដែលកំពុងជួសជុលនិងពង្រីកជិតរួចរាល់១០០% ដោយក្រាលគ្រួសក្រហមស្ថិតនៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ក្រោមការឧបត្ថម្ភពីឯកឧត្ដម ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមការងារយុវជនស្រុកជើងព្រៃ ដែលដឹកនាំដោយ លោក មឹុង មករា តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត បានចុះមកដាំកូនឈើក្ងោកចំនួន២ពាន់ដើម។

លោកបានថ្លែងឱ្យដឹងថា «ដើម្បីចូលរួមការពារ និងលើកកម្ពស់សោភណ្ឌភាពបរិស្ថាននៅតាមដងផ្លូវ យើងបានជ្រើសយករដូវវស្សានេះមកដាំដើមក្ងោកដើម្បីឱ្យដើមឈើងាយស្រួល លូតលាស់បានល្អ។ នៅពេលដើមឈើទាំងនេះធំទើវានិងជួយកាត់បន្ថយកំដៅពេលប្រជាពលរដ្ឋធ្វើដំណើតាមផ្លូវ ព្រមទាំងជួយធ្វើឲ្យមាននូវសោភណ្ឌភាពកាន់តែស្រស់ស្អាតនៅពេលរដូវផ្ការីកតាមសងខាងផ្លូវ៦គីឡូម៉ែត្រនេះ»

លើសពីនោះ ការដាំដើមឈើនេះ នឹងចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងចូលរួមបំផុសនូវការស្រលាញ់ធម្មជាតិ ហើយយើងនឹងបន្ដអភិវឌ្ឍភូមិឃុំនៅក្នុងស្រុកជើងព្រៃឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀតដោយធ្វើយ៉ាងណាជួយលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋយើងឱ្យកាន់តែមានធូរធា។ នេះបើតាមការបញ្ជាក់របស់ លោក មឹុង មករា ក្នុងឱកាសដឹកនាំក្រុមការងារដាំកូនឈើ។

សូមជម្រាបថា គម្រោងជួសជុលនិងពង្រីកផ្លូវក្រាលគ្រួសក្រហមប្រវែង ៦,០០០ម៉ែត្រនៅលើផ្លូវចាស់មានទទឹង ៣,៥ម៉ែត្រ មានសភាពតូចចង្អៀត និងលិចទឹកនៅរដូវវស្សា ឥលូវនេះត្រូវបានពង្រីកទទឹង៦ម៉ែត្រ ព្រមទាំងលើកកម្ពស់តួរផ្លូវ និងដាក់លូកាត់ទទឹងផ្លូវបានចំនួន១២កន្លែង។

សម្រាប់ផ្លូវនេះ ប្រជាជនចំនួន៥ភូមិ (ភូមិពង្រ ភូមិប្រតេន ភូមិទម្ពរ ភូមិត្នោតបាក់ និងភូមិអរក្ស) សរុបប្រមាណ៧០០គ្រួសារ និងទទួលបានទាំងភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកដំណាំកសិផលប្រចាំថ្ងៃ៕