(ស្ទឹងត្រែង)៖​ នៅថ្ងៃសៅរ៍ ៩កើត ខែភទ្របទ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​៧ ខែកញ្ញា​​ ឆ្នាំ២០១៩​នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​មន្ត្រីនៅទីស្នាក់ការកណ្តាល​ និងថ្នាក់ដឹកនាំ-មន្ត្រី​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តស្ទឹងត្រែង​​ ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ​​៥០៣គ្រួសារ ដែលរស់នៅក្នុងសង្កាត់សាមគ្គី និង​ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ពិធីនេះរៀបចំឡើងនៅទីទួលសុវត្តិភាពចំនួនពីរកន្លែងគឺ​ទីទួលសុវត្តិភាពទី១ ស្ថិតនៅក្នុងវរៈការពារព្រំដែនអូរស្វាយ ភូមិ អូរស្វាយ ឃុំវ៉ើនខាម ស្រុកបុរីអូរស្វាយសែនជ័យ សម្រាប់ប្រជាពលរដ្ឋ ១៩៤គ្រួសារ និងទីទួលសុវត្តិភាពទី២ ស្ថិតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង សម្រាប់ប្រជាពលរដ្ឋ​ចំនួន​៣០៩គ្រួសារ​។

ក្នុងឱកាសនៃពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះទាំងអស់ លោកវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះ​មហន្តរាយកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ​ ក្តីនឹករលឹក​ ការស្រឡាញ់​យ៉ាងជ្រាលជ្រៅ​ និងគិតគូរជានិច្ច​ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់​ ដែលរងគ្រោះដោយសារទឹកជំនន់​នៅក្នុងវដូវវស្សានេះ។

ជាមួយគ្នានេះ​ លោកវេជ្ជ. បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគិតគូរថែទាំសុខភាពជាចម្បង​ ដែលក្នុងនោះ​ ការទទួលទានអាហាររូបត្ថម្ភគឺជារឿងចាំបាច់​ដោយ​ត្រូវបរិភោគ​ឱ្យបានត្រឹមត្រូវ​ ផឹកទឹកដាំឆ្អិនល្អ​ រស់នៅក្នុងបរិស្ថានស្អាត​ មានអនាម័យ​ ត្រូវគេងក្នុងមុងជានិច្ចកុំឱ្យមូសខាំ​ ជៀសវាងកើតមានជំងឺគ្រុនឈាម-គ្រុនចាញ់ ជាពិសេសសូមប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗនារដូវទឹកឡើងនិងក្រោយពេលទឹកស្រកទៅវិញ ព្រមទាំងត្រូវមើលថែក្មេងតូចៗប្រយ័ត្នលង់ទឹកដែលអាចឱ្យក្រុមគ្រួសារមានវិប្បដិសារីអស់មួយជីវិត។

សូមបញ្ជាក់ថា​ អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ​ ១០កំប៉ុង​ និងឃីត១​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​)​​ និងថវិកាជូនចាស់ៗដែលជួបការលំបាកមួយចំនួនផងដែរ៕