(ត្បូងឃ្មុំ)៖ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមា នូវផលប៉ះពាល់សុខភាព អាយុជីវិតជនរងគ្រោះ និងមូលដ្ឋានសុខាភិបាលពីគ្រោះធម្មជាតិ ពិសេសគ្រោះទឹកជំនន់នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបន្តដឹកនាំប្រតិភូ និងក្រុមគ្រូពេទ្យ ចុះពិនិត្យ-ព្យាបាលជំងឺនិងនាំយកនូវសម្ភារមួយចំនួន មានថ្នាំពេទ្យ និងមុងជ្រលក់ថ្នាំជាដើម ចែកជូនប្រជាពលរដ្ឋ ដែលរស់ក្នុងតំបន់ផ្សេងៗគ្នា ដែលរងគ្រោះដោយទឹកជំនន់។

ជាក់ស្តែង នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានចុះអប់រំប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន១,០៧០គ្រួសារ មកពីភូមិព្រែកតូច, ទន្លេរបិទលើ, ទន្លេរបិទក្រោម, ជីរោទិ៍ទី១ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងណែនាំដល់ប្រជាពលរដ្ឋ ពីថែរក្សាសុខភាព និងប្រុងប្រយ័ត្នចំពោះសុវត្ថិភាព ពេលជម្លៀសមករស់នៅលើទីទួលមានសុវត្ថិភាព។

ជាងនេះទៅទៀតរដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានអំពាវនាវដល់ពលរដ្ឋ ត្រូវមើលថែកូនចៅ ឱ្យបានជាប់ជានិច្ច ការពារកុំឱ្យលង់ទឹក ដែលធ្វើឱ្យបាត់បង់ដល់អាយុជីវិតមួយរំពេច។ លើសពីនោះ ត្រូវដេកក្នុងមុង ទាំងយប់ ទាំងថ្ងៃ ដើម្បីការពារពីជំងឺគ្រុនឈាម និងគ្រុនចាញ់ផងដែរ។

តាមការឱ្យដឹងពីប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ លោក កែវ វណ្ណៈ បានថ្លែងថា ដើម្បីការពារនូវសុខភាពរបស់ប្រជាពលរដ្ឋយើង ក្រុមគ្រូពេទ្យយើង បានមកប្រចាំការពិនិត្យព្យាបាលជំងឺ និងផ្តល់ថ្នាំដល់កុមារ នៅនឹងកន្លែងទីទួលមានសុវត្ថិភាពតែម្តង ដែលមាននៅទីទួលមានសុវត្ថិភាព ឧកញ៉ាឌី (កន្លែង ប្រារព្វពិធី), ទួលសុវត្ថិភាពទន្លេរបិទ និងទួលសុវត្ថិភាព ទួលវិហារ។ ហើយក្រុមពេទ្យប្រចាំការរហូត ទាល់តែប្រជាពលរដ្ឋត្រឡប់ទៅភូមិវិញផងដែរ។

ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមា នូវផលប៉ះពាល់សុខភាព អាយុជីវិតជនរងគ្រោះ និងមូលដ្ឋានសុខាភិបាលពីគ្រោះធម្មជាតិ ពិសេសគ្រោះទឹកជំនន់នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹក និងអំពាវនាវ ឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួម អនុវត្តតាមការណែនាំដូចខាងក្រោមនេះ៖

១៖ មុនពេលទឹកជំនន់

*ត្រូវតាមដានស្ថានភាពទឹកជំនន់ ត្រៀមរកទីទួលមានសុវត្ថិភាព និងស្បៀងអាហារ។ ធ្វើរបងព័ទ្ធជុំវិញស្រះឬកន្លែងដែលមានទឹក ត្រូវថែរក្សាបរិស្ថានឱ្យបានស្អាត និងសាងសង់បង្គន់ត្រូវធ្វើឱ្យប្រសើរ បើទាបធ្វើឲ្យខ្ពស់ដើម្បីការពារ ទឹកជំនន់។

២៖ អំឡុងពេលមាន ទឹកជំនន់

* មិនត្រូវចូលទៅក្នុងផ្ទះចាស់ ឬអាគារទ្រុឌទ្រោមព្រោះអាចស្រុតបាក់បែកបង្កឱ្យគ្រោះថ្នាក់។ មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម ឬកំពុងនៅក្នុងទឹក នៅពេលធ្វើដំណើរដោយជិះទូក ឬកាណូតនៅពេលយប់ត្រូវមានភ្លើងបំភ្លឺ។

* ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ។

* ចំពោះស្រ្តីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ បើស្ត្រីគ្រប់ខែជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត

* ត្រូវនាំកូនៗរបស់លោកអ្នក ទៅចាក់ថ្នាំបង្ការតាមការកំណត់របស់គ្រូពេទ្យ និងផ្តល់អាហារដល់ពួកគេឱ្យបានត្រឹមត្រូវ ។

* ត្រូវប្រុងប្រយ័ត្នចំពោះកុមារី និងក្មេងស្រី នៅពេលនៅទីទួលមានសុវត្ថិភាព ក្រែងមានអំពើហឹង្សាផ្លូវភេទ។

* ត្រូវជួយមនុស្សចាស់ ក្នុងក្រុមគ្រួសារលោកអ្នក ឬមនុស្សចាស់នៅជិតខាង និងផ្តល់ការគាំទ្រដល់សមាជិកគ្រួសារ ឬកុមារពិការ ដូចជា ឈើច្រត់ រទេះរុញ ឬថ្នាំពេទ្យដែលគាត់កំពុងប្រើប្រាស់ជាប្រចាំមួយចំនួន ដែលជាតម្រូវការចាំបាច់របស់ពួកគាត់។

* ត្រូវប្រុងប្រយ័ត្នជៀសវាងនូវគ្រោះថ្នាក់លង់ទឹក ត្រូវការពារកុមារតូចៗមិនឱ្យចុះទឹក ពន្យល់កុមារពីគ្រោះថ្នាក់នៃការលង់ទឹកកុមារទៅកន្លែង ខ្ពស់ និងមានអ្នកថែទាំ ប្រើអាវពោងឬប៊ីដុងជីគ្រប់ពេលកុមារចេញពីផ្ទះ។ ពេលធ្វើ្វដំណើរតាមទូកឬ កាណូត មិនត្រូវដាក់មនុស្សហួសកំរិត បើមានអ្នកណាម្នាក់លង់ទឹកត្រូវហៅជំនួយជាបន្ទាន់។

* ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសផ្សេងៗដោយពិនិត្យឱ្យបានត្រឹមត្រូវ មុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរអូស និងតំនរឈើ។ ធ្វើដំណើរពេលយប់ ឬពេលធ្វើការងារត្រូវស្លៀកខោជើងវែង និងពាក់ស្បែកជើងវែង ជៀសវាងកន្លែងដែលមានសំបទ្រប់ និងដាច់ខាតមិនត្រូវយកដៃទៅចាប់ពស់ ឬសត្វអសិរពិស។

* ក្នុងករណីសមាជិកគ្រួសារ ឬនរណាម្នាក់មានគ្រោះថ្នាក់ដោយសារពស់ចឹកឬសត្វអសិរពិសទី២ ឬត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល

* ដើម្បីជៀសវាងនូវបញ្ហារាគរូស រាកមួល ពុលចំអាហារ ឬជំងឺផ្សេងៗដ៏ទៃទៀតដែលបង្កឡើងដោយទឹក ត្រូវបរិភោគ ទឹកស្អាត ដោយប្រើធុងចម្រោះ ដាំទឹកឱ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្លរ៉ាមីន (២គ្រាប់អាចលាយទឹក២០លីត្រ)។

ត្រូវលាងសម្អាតបន្លែ និងផ្លែឈើជាមួយទឹកស្អាត អាហារចម្អិនឱ្យបានត្រឹមត្រូវ និងឆ្អិនល្អ គ្របអាហារឱ្យបានជិតល្អ ដើម្បីការពាររុយរោម និងធូលីដីហុយចូល ព្រមទាំងសម្អាតកន្លែងធ្វើម្ហូប និងសម្ភារផ្ទះបាយដូចជា ចាន ឆ្នាំង ស្លាបព្រាប កាំបិត ឱ្យបានស្អាត។ លាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់ មុន និងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់

* ដើម្បីជៀសវាងការចម្លងជំងឺរលាកផ្លូវដង្ហើម ជាចាំបាច់ត្រូវពាក់ម៉ាស់ ឬកូ

នកន្សែង ឬក្រមាខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និងត្រូវឱ្យបានឆ្ងាយពីអ្នកជំងឺដែលក្អក ឬកណ្ដាស់ឱ្យជើសពី១ម៉ែត្រ ហើយនិងមិនត្រូវនៅក្បែរកន្លែងមានធូលីរោយបើចាំបាច់ ត្រូវតែពាក់ម៉ាស់។

នៅពេលដែលមានអាកាសធាតុប្រែប្រួលភ្លាមៗ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពដូចជា ការស្លៀកពាក់ ឱ្យបានត្រឹមត្រូវ និងជៀសវាងចេញក្រៅផ្ទះក្នុងរយៈពេលយូរ

* ត្រូវធ្វើអនាម័យខ្លួនប្រាណ ឱ្យបានស្អាតដោយងូតទឹកដុះសាប៊ូកក់សក់ និងបោកសម្លៀកបំពាក់ឱ្យបានស្អាតជៀសវាងនូវជំងឺសើរស្បែក ពងទឹក កមរមាស់ជាដើម។

៣៖ ក្រោយពេលទឹកជំនន់

* បន្តបរិភោគចំណីអាហារស្អាត ទឹកស្អាត និងអនាម័យខ្លួនប្រាណឱ្យបានស្អាត ដើម្បីជៀសវាងនូវជំងឺផ្សេងៗ

* ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម និងក្រុនចាញ់

* ត្រូវពិនិត្យមើលផ្ទះក្រែង មានបាក់ស្រុតនាំឱ្យមានគ្រោះថ្នាក់ ប្រុងប្រយ័ត្នក្រែងមារសត្វពស់ ឬសត្វអសិរពិសផ្សេង។។

* អនាម័យបរិស្ថានជុំវិញផ្ទះ និងក្នុងផ្ទះ ព្រោះពេលទឹកស្រកទៅ បានបន្សល់នូវភាពកង្វក់ និងមេរោគច្រើនរស់នៅក្នុងទឹក ជៀសវាងនូវការដក់ទឹកជុំវិញផ្ទះ និងក្នុងផ្ទះ នាំឱ្យមានដង្កូវទឹកមូសខ្លា និងមូសដែកគោល ដែលបង្កជំងឺគ្រុនឈាម និងគ្រុនចាញ់

* ត្រូវស្តារ និងសម្អាតអណ្តូងទឹកឡើងវិញមុននឹងប្រើប្រាស់

* ព្រមទាំងជួសជុល និងសង់បង្គន់ឡើងវិញ ដោយជានិច្ចកាលត្រូវបន្ទោបង់ក្នុងបង្គន់គ្រប់ពេល។

នៅមុនពេល ក្នុងពេល និងក្រោយពេលទឹកជំន៖ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាព សូមស្វែងរកការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺ ដែកមាននៅប៉ុស្តិ៍សុខភាពដែរក្បែរទួរសុវត្តិភាព ឬមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត។

សូមជម្រាបថា នៅរសៀលថ្ងៃដដែលនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងបន្តដំណើរចុះសួរសុខទុក្ខ អប់រំសុខភាព និងផ្តល់ការពិនិត្យព្យាបាលពលរដ្ឋ ដោយឥតគិតថ្លៃ នៅខេត្តស្ទឹងត្រែង៕