(ភ្នំពេញ)៖ សញ្ជាតិ សំដៅដល់ចំណងគតិយុត្ត និង​នយោបាយ​ដែល​ភ្ជាប់​នូវរូបវ​ន្តបុគ្គល​ទៅនឹងប្រ​ទេសណាមួ​យ។ ការផ្តល់ស​ញ្ជាតិ​ឲ្យរូបវន្ត​បុគ្គល​ណាម្នាក់ នៅបណ្តាប្រទេស​មួយចំនួន មាន​លក្ខខណ្ឌផ្សេងៗ​គ្នាទៅតា​មច្បា​ប់នៃប្រទេសដែលផ្តល់​សញ្ជាតិនោះ ។

សម្រាប់​ច្បាប់ស្តីពីស​ញ្ជាតិខ្មែរ ឆ្នាំ២០១៨ នៃព្រះរាជាណាចក្រកម្ពុជា ការផ្តល់​សញ្ជាតិជូនជន​បរទេស បានកំណត់នូវ​លក្ខខណ្ឌ​នៃការ​ទទួលបានសញ្ជាតិខ្មែរ​មាន ០៤ (បួន) ករណីគឺ (១) ការទទួលបានស​ញ្ជាតិខ្មែរពី​កំណើត (២) ការ​ទទួលបានសញ្ជាតិខ្មែរ​ដោយការស្មុំកូ​នពេ​ញលេញ (៣) ការទ​ទួលបា​នស​ញ្ជាតិខ្មែរដោយ​អាពាហ៍​ពិពាហ៍ និង (៤) ការទទួលបា​នសញ្ជាតិ​ខ្មែរដោយ​សញ្ជា​តូប​នីយកម្ម ​។

ដើម្បីជ្រាប​ច្បាស់អំ​ពីការទទួល​បាន​សញ្ជាតិ​ខ្មែរ​របស់ជនបរទេស ដូច្នេះសម្រាប់​សប្តាហ៍នេះ កម្មវិធី​យល់ដឹ​ងផ្នែ​កច្បាប់​របស់ អង្គភា​ពព័ត៌មាន FRESH NEWS សហការ​ជាមួយ​ក្រុម​មេធាវី​កម្ពុជាសហប្រ​តិបត្តិកា​រអន្តរជាតិ សូមលើក​យកប្រធាន​បទស្ដីពី «ការទទួល​បានសញ្ជាតិ​ខ្មែររប​ស់ជន​បរទេស» មកធ្វើ​ការបង្ហាញជូន​បងប្អូន​ប្រជាពលរដ្ឋ សិស្ស និស្សិត​ដូចតទៅ៖

១៖ ការទទួលបានសញ្ជាតិខ្មែរពីកំណើត (មាត្រា៩)

ចំពោះកូនដែលកើតពីឪពុក ឬម្ដាយដែល​មានសញ្ជាតិខ្មែរ ទោះកើតនៅ​ទីណា​ក៏ដោយ កូននោះ​នឹងមា​នសិទ្ធិ​ទទួលបានសញ្ជាតិខ្មែ​រពីកំណើត​ដោយ​ស្វ័យប្រវត្តិ។ កូនកើត​នៅទី​ណា​ក៏ដោយ​ដែល​ឪពុកម្ដា​យមិន​ទទួលស្គាល់ ប៉ុន្តែ​កាលបើតុ​លាការ​បា​ន​ចេញ​សាល​ក្រមថា កូននោះ​ពិតជា​កើតពី​ឪពុក ឬម្ដាយ​ដែល​មានសញ្ជាតិខ្មែរ នោះកូន​នោះនឹងទទួលបានសញ្ជាតិ​ខ្មែរ។

កូនជន​បរទេសដែ​ល​កើតក្នុង​ទឹក​ដីកម្ពុជា​ត្រូវទទួល​បានស​ញ្ជាតិខ្មែរលុះត្រា​តែកើតពីឪពុក និងម្ដាយ​ជាជនបរទេស ដែលកើតនិងរស់​នៅស្របច្បា​ប់ក្នុង​ព្រះរាជាណាច​ក្រកម្ពុជា។ កូនដែល​កើតពីឪ​ពុកម្ដាយ​មិនស្គាល់ និងកូន​ទើប​នឹងកើត ដែលគេ​រើសបា​ននៅក្នុ​ងព្រះរាជាណា​ចក្រកម្ពុជាត្រូវចាត់​ទុកថាកើតនៅ​ក្នុងព្រះរា​ជាណាចក្រ​កម្ពុជា ដែរ ត្រូវ​ទទួល​បានសញ្ជាតិ​ខ្មែរ ។

២៖ ការទទួលបា​នសញ្ជាតិខ្មែ​រដោយការស្មុំកូ​ន​ពេញ​លេញ (មាត្រា១០)

កូនជនបរទេសដែ​លត្រូវបានសុំជា​កូនស្មុំ​ពេញលេញ ដោយសហព័ទ្ធជាពល​រដ្ឋ​ខ្មែ​រត្រូវទទួលបានសញ្ជាតិខ្មែរ នៅពេលដែលស្មុំកូនពេញ​លេញត្រូវ​បាន ​បង្កើតឡើងស្រ​បច្បា​ប់ជាធរមាន​។ ពាក្យថា​សហព័ទ្ធ គឺប្តី ឬប្រពន្ធ ឬទាំងប្តី​ទាំងប្រពន្ធ ដែលបាន​ឋា​នៈជា​សហព័ទ្ធក្រោយពី​ចុះ​បញ្ជីអាពា​ហ៍ពិពាហ៍ត្រឹមត្រូ​វតាមផ្លូវច្បាប់។

៣៖ ការទទួល​បានស​ញ្ជាតិ​ខ្មែរ​ដោយ​អាពាហ៍​ពិពាហ៍ (មាត្រា១១)

ស្រី្ត ឬបុរស​ដែ​លយកប្ដី ឬប្រពន្ធ​ខ្មែរដោយ​បានរៀបអា​ពាហ៍ពិពាហ៍ អាច​ទាមទារ​សញ្ជាតិខ្មែរបាន លុះណាតែស្ត្រី ឬបុរ​សនោះ​បា​នរស់នៅជាមួយ​គ្នារយៈពេល ០៣ (បី) ឆ្នាំ ក្រោយចុះបញ្ជី​អាពាហ៍​ពិពាហ៍ និងបាន​ស្នាក់នៅ​យ៉ាង​ហោចរយៈពេល ១២ (ដប់ពីរ) ខែ ពេញលេញ​ក្នុង​ព្រះរាជា​ណាច​ក្រក​ម្ពុជា ។

កូនជា​អនីតិជន ដែល​មាន​ជនប​រទេស​ជាឪពុ​ក ឬម្ដាយ ត្រូវ​បា​នអនុ​ញ្ញាតឲ្យសុំទាមទារសញ្ជាតិខ្មែរជាចង្កោម គ្រួសារ​បាន។

ដោយ​ឡែក​ត្រង់មាត្រា១២ នៃច្បាប់ស្តី​ពីសញ្ជាតិក៏​បា​នប្បញ្ញត្តិថា ជនបទេស​ដែលអាចសុំទាមទារសញ្ជាតិ​ខ្មែរដោយអា​ពាហ៍ពិពាហ៍​ត្រូវបំពេញល​ក្ខខណ្ឌ​ដូចតទៅ៖

* មានគំនិត មាយាទ និងសីលធម៌ល្អ ។
* ពុំដែល​មាន​ទោសពីប​ទឧក្រិដ្ឋ ឬបទមជ្ឈិម​ណាមួយ ។
* មានទី​លំនៅក្នុងព្រះរាជាណាចក្រ​កម្ពុជា នៅពេល​ដាក់ពា​ក្យសុំ​ទាមទា​រស​ញ្ជាតិខ្មែរ​ដោយអាពាហ៍ពិពាហ៍។
* ចេះនិយា​យភាសា​ខ្មែរ ចេះអក្សរខ្មែរ និងយល់​ដឹងប្រ​វត្តិសាស្រ្ត​ខ្មែរខ្លះៗ។
* មានបញ្ញា និងកាយ​សម្បទា​ដែលមិននាំ​ឲ្យមាន​គ្រោះថ្នាក់ ឬនាំឲ្យ​មានបន្ទុក​ដល់ជាតិ ។
ចំពោះកា​រសុំទាមទា​រសញ្ជាតិខ្មែរ របស់​ជនបរទេ​សអាច​ស្នើសុំប្តូរ​ឈ្មោះ​ជាខែ្មរបាន ហើយត្រូវ​សរសេរប​ញ្ជាក់ឈ្មោះ​ថ្មីក្នុងពាក្យសុំ​ទាមទារ​សញ្ជាតិ ។

៤៖ ការទទួល​បានស​ញ្ជាតិ​ខ្មែរដោ​យសញ្ជាតូប​នី​យកម្ម(មាត្រា១៨)

សញ្ជាតូបនីយកម្ម សំដៅ​ដល់កា​រផ្តល់​សញ្ជា​តិខ្មែរតាមរ​យៈ​ការ​ស្នើសុំរបស់ជនបរទេស​ដោយ​ផ្អែកតា​មលក្ខខណ្ឌ​នៃការ​ស្នាក់នៅ ការវិនិ​យោគ អំណោយសាច់ប្រាក់ និងគុណ​សម្បត្តិ​ពិសេស ឬថ្វីដៃ​ពិសេស​ ។

សញ្ជាតូបនី​យកម្មនេះ​មិនមែន​ជាសិទ្ធិរ​បស់អ្នក​សុំឡើយ គឺជាការអនុ​គ្រោះ​របស់​ព្រះរាជា​ណាច​ក្រកម្ពុជា​តែប៉ុណ្ណោះ។ ទោះក្នុងប្រកា​រ​ណាក៏ដោយ ពាក្យ​សុំអា​ចត្រូវបា​នបដិ​សេធ​តាមអំ​ណាច​ឆន្ទានុសិទ្ធិ ។

៤.១៖ ជនបរទេ​សទូទៅ​ត្រូវបំពេញ​ល​ក្ខខណ្ឌ​ដូចជា

* មានគំនិត មាយាទ និងសីលធម៌ល្អ ។
* ពុំដែលមាន​ទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ ។
* មានទីលំនៅក្នុងព្រះ​រាជាណាចក្រកម្ពុជា ហើយស្នាក់នៅ​ជាប់រយៈពេ​ល ០៧ (ប្រាំពីរ) ឆ្នាំ ដោយគិ​តចាប់ពី​ថ្ងៃទទួលបានប័ណ្ណស្នាក់នៅ ដែលចេញ​ឲ្យក្នុងក្រ​បខ័ណ្ឌនៃច្បាប់ស្តីអ​ន្តោប្រ​វេសន៍ចំពោះ​ជនអន្តោប្រវេសន៍ ។
* មានទីលំ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមា​នប័ណ្ណ​ស្នាក់នៅ​ដែលចេញ​ឲ្យក្នុង​ក្របខ័ណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍ ចំពោះជ​នបរ​ទេសដែ​លបានកំណត់ក្នុង​មា​ត្រា២១ និងមាត្រា២២នៃ​ច្បា​ប់នេះ។
* ចេះនិយាយភាសាខ្មែរ ចេះ​អក្សរខ្មែរ និងយ​ល់ដឹងប្រវត្តិសាស្រ្តខ្មែ​រខ្លះៗ ហើយប​ង្ហាញភ​ស្តុតាង​ថាខ្លួនអាច រស់នៅ​ក្នុងស​ង្គមខ្មែរបានដោយ​សុខដុម ព្រម​ទាំងទទួលបាននូវទំនៀ​មទម្លាប់ និង​ប្រពៃណី ល្អរបស់ខ្មែរ។
* មានបញ្ញា និងកាយ​សម្បទា​ដែលមិន​នាំ​ឲ្យ​មានគ្រោះថ្នាក់ ឬនាំ​ឲ្យ​មានបន្ទុក​ដល់ជាតិ ។

៤.២៖ ជនប​រទេសជា​អ្នកវិនិយោ​គ(មាត្រា២១) ជនបរ​ទេសណាដែ​លទទួលបាន ការអនុញ្ញា​តឲ្យវិនិយោ​គត្រឹមត្រូវតា​​មច្បាប់ពីស្ថាប័​នមានសមត្ថកិច្ច​​ ហើយបាន​ចំណាយទុនអ​នុវត្ត​គម្រោងវិ​​និយោគជាក់ស្ដែង ក្នុងប្រទេ​សកម្ពុជា ជនបរទេស​នោះ​អាច​ស្នើសុំស​ញ្ជាតិខ្មែរដោ​យសញ្ជាតូបនីយក​ម្មបាន ក្នុងករណី​ដែលជ​ននោះបាន​បំពេញ​លក្ខខណ្ឌ លក្ខខណ្ឌ​ដូចមាន​ចែងក្នុងចំ​ណុចទី ទី២ ទី៤ ទី៥ និងទី៦ នៃល​ក្ខខ​ណ្ឌ​ខាងលើ និងបាន​ស្នាក់នៅស្រប​ច្បាប់យ៉ាងហោច​រយៈពេល ១២ (ដប់ពីរ) ខែ ពេញលេញក្នុ​ងព្រះរាជា​ណាចក្រកម្ពុជា។ ចំនួនទឹកប្រា​ក់ វិស័យអាទិភាព និងប្រភេទគម្រោង វិនិយោ​គព្រមទាំង​លក្ខខណ្ឌផ្សេងទៀត ត្រូវកំណត់​ដោយ​អនុក្រឹត្យ ។

៤.៣៖ ជនបរទេសដែលធ្វើអំណោយជាសាច់ប្រាក់ (មាត្រា២២) ចំពោះជនបរទេសណា​ដែលបា​នផ្ដល់អំណោយ​ជាសាច់​ប្រាក់ដល់​ថវិកាជាតិ សម្រាប់ជាផលប្រយោជន៍ដ​ល់កា​រអភិវឌ្ឍសេដ្ឋកិ​ច្ចសង្គម ឬវិស័យមនុស្សធម៌​នៅ​ក្នុ​ងប្រទេសកម្ពុជា ជនបរទេស​នោះ​នឹងអាច​សុំចូលស​ញ្ជាតិខ្មែរបាន ក្នុងករណី​ដែលជន​នោះបាន​បំពេញ​លក្ខខណ្ឌ លក្ខខណ្ឌ​ដូចមាន​ចែងក្នុ​ងចំណុចទី១ ទី២ ទី៦ នៃលក្ខខណ្ឌ​ខាងលើ និងបាន​ស្នាក់នៅ​ស្រប​ច្បា​ប់​យ៉ាង​ហោចរយៈពេល ៦ (ប្រាំមួយ) ខែ ពេញលេញក្នុងព្រះរា​ជាណាចក្រកម្ពុជា។ គួរបញ្ជាក់​ផងដែលចំនួន​ទឹកប្រាក់ដែលត្រូ​វបរិច្ចាគ គឺត្រូវកំ​ណត់​ដោយ​អនុក្រឹត្យ។

៤.៤៖​ ជនបរទេសដែលបាន​ផ្តល់គុណសម្បតិ្តពិ​សេស(មាត្រា២៣) ជនបរទេស​ដែលបានបង្ហាញភស្តុតាង​ថា ខ្លួនបានផ្តល់​គុណសម្បត្តិ ឬថ្វី​ដៃអ្វីមួ​យអ្វីមួយ ជាប្រ​យោជ​ន៍​ដល់ព្រះរាជាណាចក្រកម្ពុជា និងបាន​ទទួលស្គាល់ដោយរ​ដ្ឋាភិបាលកម្ពុជា ជនបរទេសនោះអាច​ស្នើសុំស​ញ្ជាតិ​ខ្មែរដោយសញ្ជាតូបនីយកម្មបាន ក្នុងក​រណីដែលជននោះ បាន​បំពេញ​លក្ខខណ្ឌ​ដូចមានចែងក្នុងចំណុច​ទី១ ទី២ និងទី៦ នៃលក្ខខណ្ឌខាងលើ។

សរុបមកជនបរទេស​ដែលស្នើ​សុំសញ្ជាតិ​ខ្មែរ ត្រូវគោរព​តាមបែប​បទ និងនីតិវិធី​នៃច្បាប់ស្តី​ពី សញ្ជាតិរបស់ព្រះរាជា​ណា​ចក្រកម្ពុជា ហើ​យការផ្ដល់ស​ញ្ជាតិខ្មែ​រដល់ជន​បរទេស​គឺ ត្រូវស​ម្រេចដោយ​ព្រះរា​ជក្រឹត្យ ហើយ​ត្រូវចូលទៅធ្វើស​ម្បថនៅចំ​ពោះមុ​ខតុលា​ការកំពូ​ល។

ជនដែ​លទទួល​បានសញ្ជាតិខ្មែ​រមិនអាចត្រូវ​បានដកស​ញ្ជាតិ និរ​ទេស ឬចាប់បញ្ជូនខ្លួ​នទៅឲ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែ​មាន​កិច្ចព្រម​ព្រៀង​ជាមួយគ្នាទៅវិញទៅម​ក ​ហើយ​ជនណាដែ​លមានសញ្ជា​តិខ្មែរ អាយុ យ៉ាងតិច​ ១៨ (ដប់ប្រាំបី) ឆ្នាំ អាចសុំ​លះបង់សញ្ជា​តិ​ខ្មែរបាន បើជន​នោះមា​នសញ្ជាតិមួយផ្សេងទៀត គ្មានការបង្ខិតបង្ខំ ។

រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៩៣ ៤៦ ៨៨ ៨៩, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕