(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំប្រជុំការងារផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងផែនការការពារគ្រោះមហន្តរាយដោយទឹកជំនន់។

ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លោកស្រី នាយ នាយរងការិយាល័យ លោក លោកស្រី នាយផ្នែកចំណុះការិយាល័យជំនាញ លោកអធិការ អធិការ រង ទទួលដឹកនាំការងារនគរបាលសណ្តាប់ធ្នាប់ នៃអធិការដ្ឋាន នគរបាលស្រុក ក្រុងទាំង១០
សរុបចំនួន ៣២៨នាក់។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវតែក្ដោបក្ដាប់ឲ្យបានូវរាល់សភាពការណ៍ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ហើយបានមានអ្វីកើតឡើងត្រូវរាយការណ៍ជូនថ្នាក់លើភ្លាមៗ ដើម្បីមានវិធានការណ៍ដោះស្រាយបានទាន់ពេលវេលា។

ដោយឡែក សម្រាប់គ្រោះមហន្ដរាយដោយទឹកជំនន់វិញ ត្រូវតែតាមដានឲ្យយកចិត្តទុកដាក់ជាទីបំផុត ពិសេសត្រូវនៅឲ្យជាប់ជាមួយប្រជាពលរដ្ឋដែលងាយរងគ្រោះ ហើយត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលាទាំងមធ្យោបាយ និងសម្ភារដើម្បីអន្ដរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ។

សូមជម្រាបថា នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ចេញវិធានការសំខាន់ៗចំនួន៨ចំណុច ដើម្បីរក្សាស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩៕