(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញការចាប់អារម្មណ៍ចំពោះការវិវឌ្ឍន៍យ៉ាងខ្លាំងនៅក្នុងក្រុងព្រះសីហនុ បន្ទាប់ពីរូបលោកខកខានមិនបានទៅកាន់ក្រុងមួយនេះអស់រយៈពេលប្រមាណពីរឆ្នាំ។

លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ បានអញ្ជើញទៅកាន់ក្រុងព្រះសីហនុ ដើម្បីចូលរួមកម្មវិធីរបស់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ទទួលនាវាចម្បាំងរបស់ខ្លួនពីរគ្រឿងចលចតនៅខេត្តព្រះសីហនុ។ ជាមួយដំណើរអញ្ជើញដល់ក្រុងព្រះសីហនុ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាប់អារម្មណ៍ជាមួយការរីកលូតលាស់នៃអគារ និងការកកស្ទះចរាចរណ៍ដែលមិនចាញ់នឹងរាជធានីភ្នំពេញនោះឡើយ។

នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ លោករដ្ឋមន្ត្រី ក៏បានបង្ហាញការចាប់អារម្មណ៍មួយទៀត ពាក់ព័ន្ធបន្ទប់សណ្ឋាគារ និងសោភ័ណភាពនៅក្នុងផងដែរ។ ចំពោះបន្ទប់សណ្ឋាគារលោក ខៀវ កាញារីទ្ធ បានទទួលស្គាល់ថា មានចំនួនច្រើនមិនខ្វះខាតដូចការលើកឡើងមួយចំនួននោះឡើយ។ ចំណែកសោភ័ណភាពនៅក្នុងក្រុងព្រះសីហនុវិញ លោករដ្ឋមន្ត្រីទទួលស្គាល់ថា រកកន្លែងប្រើពាក្យថា «ស្អាត» មិនបាននោះឡើយ។

លោករដ្ឋមន្ត្រីសង្ឃឹមថា អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន និងប្រជាពលរដ្ឋនៅក្នុងខេត្តជាប់ឆ្នេរសមុទ្រមួយនេះ នឹងរួមគ្នាកម្ពស់សោភណភាពឱ្យល្អប្រសើរឡើងវិញ។

«មកដល់ទីក្រុងកំពង់សោមជាងកន្លះថ្ងៃ ក្រៅពីបន្ទប់សណ្ឋាគារ (ហេីយមានច្រេីនណាស់ មិនដូចអ្នកខ្លះស្រែកថា គ្មាននោះទេ) ខ្ញុំរកកន្លែងណាមួយ ដើម្បីខ្ញុំប្រើគុណនាម «ស្អាត» មិនបាន។ អាចមានអ្នករិះគន់ថា ខ្ញុំមកតែមួយភ្លែតម៉េចហ៊ាននិយាយបែបនេះ តែសូមទុកខ្ញុំជាទេសចរមកពីឆ្ងាយម្នាក់ចុះ។ សង្ឃឹមអភិបាលខេត្តថ្មីមានចង្កឹះទិព្វដូច Harry Potter ជួយលើកសម្រស់ទីក្រុងកំពង់សោមយេីងឡេីងវិញ ហេីយអ្នកកំពង់សោម ក៏ត្រូវតែជួយលោកផងដែរ»។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាគោលដៅអភិវឌ្ឍន៍ពិសេសមួយ ដើម្បីទាក់ទាញទាំងទេសចរណ៍ និងការវិនិយោគ។ បច្ចុប្បន្នខេត្តមួយនេះ កំពុងទាក់ទាញការវិនិយោគខ្លាំង ជាពិសេសអ្នកវិនិយោគចិន។ អគារពាណិជ្ជកម្ម សណ្ឋាគារ សំណង់លំនៅឋានជាច្រើនកំពុងផុសឡើងយ៉ាងឆាប់រហ័ស។

ទន្ទឹមនឹងការអភិវឌ្ឍនេះ ខេត្តមួយនេះកំពុងប្រឈមនឹងបញ្ហាជាច្រើនជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតែម្តង។ នៅថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិកាពិសេសប្រមាណ ១០០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ និងស្តារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឡើងវិញ៕