(កណ្ដាល)៖ លោក ហាស់ វ៉ារី ទីព្រឹក្សារផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងលោកស្រី រួមទាំងក្រុមការងារនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានយកថវិកាចំនួន៦លានរៀល ជាអំណោយរបស់សម្ដេច តេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនក្រុមគ្រួសារសពអ្នកគ្រូពេទ្យឆ្នើមមួយរូប ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ 6A កាលពីថ្ងៃទី០១ ខែកញ្ញ ឆ្នាំ២០១៩ នៅក្នុងឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

ឆ្លៀតក្នុង​ឱកាសនោះដែរ លោក ហាស់ វ៉ារី និងលោកស្រី រួមទាំងក្រុមការងារ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ​ជូនដល់ក្រុមគ្រួសារសពអ្នកគ្រូពេទ្យឆ្នើមប្រចាំឃុំព្រែកដំបង និងតាជី យាយជី បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកម្មវិធីបុណ្យ និងបានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋចេះសហការ និងសាមគ្គីគ្នាទៅវិញទៅមក ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចំរើន ទៅថ្ងៃខាងមុខជាបន្តទៀតផងដែរ។

នៅក្នុងឱកាសនោះដែរលោក ហាស់ វ៉ារី ក៏បាននាំយកអំណោមួយចំនួនរួមមាន ក្រណាត់សមួយដុំ ថវិកា២០,០០០រៀល ប្រគល់ជូនតាជី យាយជីចំនួន៥០នាក់ និងបាឡុងចំនួន៥ ប្រគល់ជូនសំរាប់វត្តចំនួន៥ និងបានចែកថវិកា១០,០០០រៀល ជូនដល់បងប្អូនប្រជាពលរដ្ឋកុម៉ារ៉ា កុម៉ារី ដែលបានចូលរួមក្នុងកម្មវិធីបុណ្យផងដែរ។

បន្ទាប់ពីបញ្ចប់ការនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់គ្រួសារសព នៅស្រុកមុខកំពូល ខេត្តកណ្តាលរួច លោក ហាស់ វ៉ារី ក៏បានដឹកនាំក្រុមការងារចុះពិនិត្យដីមួយកន្លែងដែលមានទំហំជាង១ហិកតា ដែលជាដីអំណោយថវិការបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹត្តបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទិញសំរាប់បញ្ចុះសព បងប្អូនប្រជាពលរដ្ឋមិនថា ជាតិសាសន៍ណានោះទេ ដែលមានទីតាំងស្ថិតនៅភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជាមួយគ្នានោះដែរលោក ហាស់ វ៉ារី ក៏បានដឹកនាំក្រុមការងារ ហួសទៅពិនិត្យមើលនៅរោងអ្នកតាចិនមួយកន្លែង នៅជាប់មន្ទីពេទ្យបង្អែករកាកោង ស្ថិតនៅក្នុងភូមិ រកាកោង ឃុំ រកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលជាអំណោយថវិកាជួសជុលអស់ចំនួន ១៨,០០០ដុល្លារជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សំរាប់ជួសជុល និងកែលំអរឱ្យមានសោភ័ណ្ឌភាពយ៉ាងស្រស់បំព្រងផងដែរ៕