(រតនគិរី)៖ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី សភាពការណ៍ទូទៅ និងការងារគណបក្សប្រចាំឆមាសទី១ និងទិសដៅការងារភារកិច្ចឆមាសទី២ ឆ្នាំ២០១៩ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក ថង សាវុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន-អនុប្រធានសាខាបក្សមន្ទីរ-អង្គភាព ប្រធាន-អនុប្រធានគណបក្សក្រុង-ស្រុកទាំង៩ ប្រធានក្រុមការងារគណបក្សខេត្តចុះជួយក្រុង-ស្រុក-ឃុំ-សង្កាត់ និងសមាជិកក្រុមប្រឹក្សាក្រុង។

នៅក្នុងកិច្ចប្រជុំនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទីរបស់សមាជិកសមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញ តួនាទីអស់ពីកំលាំងចិត្ត កំលាំងកាយ ដោយស្មារតីទទួលខុសត្រូវខ្ពស់ មិនខ្លាចការនឿយហត់ តាមការចាត់និងចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជារហូតទទួលបាន លទ្ធផលគួរជាទីមោទនៈ។

ទេសរដ្ឋមន្រ្តី ក៏បានណែនាំបន្ថែមឲ្យសមាជិក-សមាជិកាគណបក្សខេត្តគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវបន្តចុះមូលដ្ឋានឲ្យបានញឹកញាប់ ដើម្បីក្តាប់ឲ្យបាននូវសេចក្តីត្រូវការ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបាន និងធ្វើការដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា ហើយប្រើបញ្ហាណាមិនអាចដោះស្រាយបាននៅថ្នាក់មូលដ្ឋាន ត្រូវធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំតាមឋានុក្រម ដើម្បីរកវិធីដោះស្រាយឬពន្យល់បងប្អូនប្រជាពលរដ្ឋឲ្យបានយល់នៅពេលដែលយើងមិនទាន់អាចដោះស្រាយជូនពួកគាត់បាន ទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តីក៏បានណែនាំឲ្យសមាជិកសមាជិកាបក្សទាំងអស់ត្រូវបំពេញភារកិច្ចជូនជាតិ មាតុភូមិ ដោយឈលើគោលការណ៍ច្បាប់ យកប្រយោជន៍ជាតិជាធំ មិនលម្អៀង មិនបក្សពួកនិយម និងមិនត្រូវពាក់ព័ន្ធជាមួយនឹងបិទល្មើសផ្សេងៗជាដាច់ខាត។

លោកក៏ស្នើសុំឲ្យមានស្រាវជ្រាវបន្ទាន់ចំពោះករណីចាប់ជំរិតទាប្រាក់នៅស្រុកកូនមុំ តបតាមបណ្តឹងរបស់ប្រជាពលរដ្ឋឃុំសេរីមង្គល។ ប្រសិនបើមានករណីនេះមែនលោក លី ធុជ បានស្នើសុំមានការបញ្ឈប់ជាបន្ទាន់ ចំពោះសកម្មភាពខុសច្បាប់នេះ និងត្រូវឲ្យបុគ្គលខុសច្បាប់នោះ ប្រគល់ប្រាក់ទាំងនោះជូនប្រជាពលរដ្ឋវិញ ព្រមទាំងធ្វើការសុំទោសជាសាធារណៈ និងមានការចាត់វិធានការផ្នែករដ្ឋបាល ផងដែរ។

ជាចុងបញ្ចប់ លោក លី ធុជ បានអំពាវនាវឲ្យយើងទាំងអស់គ្នា ត្រូវបន្តកសាងនូវអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រជាជន និងប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕