(កំពត)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានតែងតាំងសមាសភាពថ្នាក់ដឹកនាំ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតចំនួន ៣៩រូប នៃអាណត្តិទី៥នេះ ដែលធ្វើឡើងនៅក្នុងអង្គពិធីបើកសន្និបាទសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អាណត្តិទី៥ (ឆ្នាំ២០១៩-២០២៥) នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩នៅសាលសន្និសីទខេត្ត។

ពិធីនេះបានប្រារព្ធទៅក្រោមវត្តមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, លោកបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រ និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា, លោក ជាវ តាយ អភិបាលខេត្ត, លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត, លោកស្រី យូ សុគន្ធ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងចូលរួមពីសំណាក់គណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៤ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខាយុវជនកាកបាទ ក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តសរុប៣៩០នាក់។

ក្នុងអង្គសន្និបាតអាណត្តិទី៥នេះ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានតែងតាំងលោកបណ្ឌិត ប៉ែន ស៊ីម៉ន ជាប្រធានកិត្តិយសសាខា និងអនុប្រធានកិត្តិយសសាខាសរុបចំនួន ៣៩នាក់។

សមាជិក សមាជិកាពេញសិទ្ធិបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៥ ដែលមានសមាសភាព ១៥នាក់ ក្នុងនោះបានបោះឆ្នោតជ្រើសរើសលោក ជាវ តាយ ជាប្រធានគណៈកម្មាធិការសាខា, លោកស្រី លាង ហៃ អនុប្រធានប្រចាំការ, លោកស្រី យូ សុគន្ធ អនុប្រធាន, លោក យិន ប៊ុនអាន អនុប្រធាន, លោកស្រី ទិត សេដ្ឋា ហេរញ្ញិក និងលោក ញា ប៊ុនថន ជាលេខាធិការគណៈកម្មាធិការសាខាសម្រាប់ខេត្តកំពត។

ក្នុងឱកាសនោះ លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អាណត្តិទី៥ បានឡើងប្តេជ្ញាចិត្តយ៉ាងមុតមាំថា បន្តពង្រឹងអភិបាលកិច្ចល្អ ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រងមានគណនេយ្យភាព និងតម្លាភាព។

លោកខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធភាព ត្រូវខិតខំពង្រឹងពង្រីក អភិវឌ្ឍកម្លាំងចលកររួមមាន៖ យុវជន និងអ្នកស្ម័គ្រចិត្តពាក់ព័ន្ធឱ្យកាន់តែសកម្មថែមទៀត និងបន្តខិតខំអភិវឌ្ឍសាខា អនុសាខា ឱ្យនៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ។

លោកស្រី ពុំ ចន្ទីនី បានកោតសរសើរចំពោះគណៈកិត្តយសសាខា គណៈកម្មាធិការសាខាអាណត្តិ ទី៤ ព្រមទាំងសមាជិកសមាជិកា អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា យុវជន កាកបាទក្រហម និងអនុសាខា កាកបាទក្រហម ក្រុង ស្រុកទាំងអស់ ដែលបានបំពេញបេសកកម្ម ដ៏ឧត្តុងឧត្តមរបស់ខ្លួន ដោយសេចក្ដីក្លាហាន មិនរើសអើង និងមានឆន្ទៈគ្រប់ពេលវេលាកន្លងមក រហូតធ្វើឲ្យ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត មានដំណើរការល្អ ពីមួយអាណត្តិទៅមួយអាណត្តិ។

លោកស្រី ក៏បានសំដែងការគាំទ្រចំពោះសមាជិក សមាជិកា គណៈកម្មាធិការសាខា ដែលទើបជាប់ឆ្នោត និងណែនាំតម្រង់ទិសដៅការងារបន្តសម្រាប់អាណត្តិទី៥ ដែលអង្គសន្និបាតបាន អនុម័តហើយដែរ ហើយត្រូវយកតួនាទីរៀងៗខ្លួន ដើម្បីអនុវត្តសកម្មភាពដែលកាកបាទក្រហមកម្ពុជា ធ្វើមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋទូទៅ បន្តឲ្យល្អប្រសើរថែមទៀត ដោយមិនរើសអើង ពូជសាសន៍ ពណ៌សម្បុរ និងមិនប្រកាន់និន្នាកានយោបាយអ្វីឡើយ និងត្រូវយកស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិផងដែរ៕