(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះថា បន្ទាប់ពីត្រួតពិនិត្យហើយនោះ ក្រសួងការពារជាតិ បានរកឃើញថា មានឧកញ៉ាសរុប៩៩នាក់ នៅក្នុងជួរកងយោធពលខមរភូមិន្ទ ដោយក្នុងនោះមាន៦៥នាក់ នៅចំណុះអគ្គបញ្ជាការដ្ឋានកងយោពលខេមរភូមិន្ទ និង៣៤នាក់ នៅចំណុះទីស្តីការក្រសួងការពារជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងចំណោមឧកញ៉ាទាំង៩៩នាក់ ដែលស្ថិតនៅក្នុងក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិទាំងនោះ មានអ្នកខ្លះក៏បានធ្វើការបញ្ជាក់ជំហររួចហើយថាត្រូវជ្រើសរើសយក «ឧកញ៉ា» ឬ យក «តួនាទី» ប៉ុន្តែការសម្រេចជាផ្លូវការច្បាស់លាស់ គឺត្រូវតែធ្វើតាមនីតិវិធីច្បាប់ជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាយ៉ាងដាច់ណាត់មិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់របស់កម្ពុជា មានទាហាន នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតនោះទេ។ កងកម្លាំងប្រដាប់អាវុធណា ដែលមានងារជា «ឧកញ៉ា» ធ្វើការជ្រើសរើសជាបន្ទាន់ថាតើត្រូវយកងារ «ឧកញ៉ា» ឬយកតួនាទីរបស់ខ្លួន។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ហើយបានរំលឹកម្តងទៀត នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ៕