(កំពង់ចាម)៖ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាមលោក ជា ក្រូច បានថ្លែងថា «យើងជាមន្ត្រីព័ត៌មាន ត្រូវហ៊ាននិយាយការពិត ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ នឹងត្រូវចូលរួមផលិតឃ្លីបព័ត៌មាន ប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ»

ប្រធានមន្ទីរព័ត៌មានបានលើកឡើងដូច្នេះ ក្នុងពិធីប្រជុំបុគ្គលិកនារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។

លោក ជា ក្រូច បានថ្លែងទៀតថា »រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ មកដល់បច្ចុប្បន្ននេះ ដូច្នេះរាល់សមិទ្ធផលទាំងឡាយ និងសេចក្តីសុខ ដែលយើងទាំងអស់គ្នា ក៏ដូចជាប្រជាពលរដ្ឋកំពុងទទួលបាននេះ យើងត្រូវទទួលយកការពិត នឹងសរសេរផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋរបស់យើងបានដឹងផងដែរ បានន័យថា យើងចូលរួមអភិវឌ្ឍប្រទេសជាតិរបស់យើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ»។

ជាមួយគ្នានោះដែរលោក ជា ក្រូច បានជំរុញឲ្យមន្ត្រីព័ត៌មាន ប្រឡងប្រណាំងធ្វើជាក្លឹបព័ត៌មានប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ព្រោះថា ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានរៀបចំការប្រឡង ប្រណាំងនេះ។ ប្រសិនបើអ្នកដែលផលិតឃ្លីបព័ត៌មានប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ បានល្អជាប់ចំណាត់ថ្នាក់លេខ១ នឹងទទួលបានប្រាក់រង្វាន់ ៤លានរៀល ចំណែកចំណាត់ ថ្នាក់លេខ២ ទទួលបានប្រាក់រង្វាន់ ៣លានរៀល និងចំណាត់ថ្នាក់លេខ៣ បានទឹកប្រាក់ ២លានរៀល។

លោកប្រធានមន្ទីរព័ត៌មាន បានបញ្ជាក់ថា «ពេលបច្ចុប្បន្ន តាមបណ្ដាប្រទេសជាច្រើនលើពិភពលោក កំពុងតែខ្វាយខ្វល់ទៅលើព័ត៌មានក្លែងក្លាយ ហើយព័ត៌មានក្លែងក្លាយ ក៏បានធ្វើឲ្យប្រទេសនៅមជ្ឈិមបូព៌ា ក្លាយជាសោកនាដកម្មផងដែរ ដូច្នេះយើងជាមន្ត្រីព័ត៌មាន ត្រូវនាំគ្នាចូលរួមផលិតឃ្លីបព័ត៌មានដើម្បីប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយនេះ និងចូលរួមប្រឡងប្រណាំងដើម្បីដណ្ដើមជ័យលាភីទទួលប្រាក់រង្វាន់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ»