(តាកែវ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារបំពេញបេសកកម្ម នៅខេត្តតាកែវ ដើម្បីត្រួតពិនិត្យ តាមដាន និងវាយតម្លៃ លើការងារបង្កបង្កើនផល ការអនុវត្តការងារបច្ចេកទេស ការងារដឹកនាំការគ្រប់គ្រង និងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ 

បេសកកម្មរយៈរបស់លោករដ្ឋមន្ត្រី មានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៨ ខែកញ្ញា ទៅកាន់ខេត្តតាកែវ និងខេត្តកំពត។

ក្នុងឱកាសចុះពិនិត្យការបង្កើតបង្កើតផលរបស់កសិករនៅខេត្តតាកែវ លោក វេង សាខុន នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានណែនាំឲ្យប្រជាពលរដ្ឋ ខិតខំប្រឹងប្រែងបន្ថែមទៀត លើការងារបង្កបង្កើនផល ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើកកម្ពស់សមត្ថភាពកែច្នៃ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ។

ការស្នើបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក វេង សាខុន ដឹកនាំក្រុមការងារបំពេញបេសកកម្ម នៅខេត្តតាកែវ ដើម្បីត្រួតពិនិត្យ តាមដាន និងវាយតម្លៃ លើការងារបង្កបង្កើនផល ការអនុវត្តការងារបច្ចេកទេស ការងារដឹកនាំការគ្រប់គ្រង និងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅតាមមន្ទីរនីមួយៗ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសដឹកនាំក្រុមការងារ បំពេញបេសកកម្មនៅខេត្តតាកែវនេះ លោករដ្ឋមន្រ្តី វេង សាខុន និងលោកអភិបាលខេត្ត បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផល ដែលប្រជាកសិករ ទទួលបានផលដំណាំប្រាក់ចំណូលការជួបជុំ និងសុភមង្គលក្នុងគ្រួសារ។

លោករដ្ឋមន្ដ្រី វេង សាខុន បានបញ្ជាក់ថា ជាឆន្ទៈ និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីចង់បាន ចង់ឃើញ ប្រជាពលរដ្ឋរស់នៅដោយភាពស្ងប់ស្ងាត់ សុខក្សេមក្សាន្ត ជីវភាពធូរធា និងមានសុភមង្គល។

លោកថា ដោយសារប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយពេញលេញ ដែលបង្កលក្ខណងាយស្រួល ឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខដុមរមនា ប្រកបរបរធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួន ដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។

លោកបានស្នើសុំ ឲ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀត លើការងារបង្កបង្កើនផល ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើកកម្ពស់សមត្ថភាពកែច្នៃ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ និងជាពិសេសដាច់ខាត ត្រូវនាំគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាព ទើបអាចឈានទៅធ្វើការអភិវឌ្ឍជាបន្តបន្ទាប់។

ទាក់ទងការងារបច្ចេកទេស លោករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យកសិករយកចិត្តទុកដាក់បន្ថែមទៀត លើការងារពង្រាបដី មើលថែទាំស្មៅ សត្វល្អិតចង្រៃ ការគ្រប់គ្រង និងប្រើប្រាស់ទឹក ដើម្បីធានាបរិមាណផលកើនឡើង ហើយមន្ទីរកសិកម្មគួរជួយរៀបចំ សហគមន៍ផលិតស្រូវពូជធានាគុណភាព ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន កាត់បន្ថយការទិញស្រូវពូជគ្មានប្រភពច្បាស់លាស់ និងថ្លៃដើម៕