(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំដាក់ឱ្យជ្រើសរើស «ឧកញ៉ា» ឬ «តួនាទី» នាថ្មីៗនេះមានឧកញ៉ាចំនួន១៦រូបហើយ បានសម្រេចចិត្តលាលែងពីតំណែងរបស់ខ្លួន ក្នុងកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ខណៈដែលយោធាក្នុងក្របខណ្ឌនេះចំនួន៤៥នាក់ បានសម្រេចចិត្តបោះបង់ងារជាឧកញ៉ា ដោយជ្រើសរើសយកតួនាទីរបស់ពួកគេ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ចំនួនយោធាដែលមានងារជាឧកញ៉ា ដែលត្រូវបានរកឃើញទាំង៦១រូបនេះ គឺស្ថិតនៅក្នុងកម្រិតកងយោធពលខេមរភូមិន្ទ ខណៈដែលក្រសួងការពារជាតិ កំពុងត្រួតពិនិត្យ មើលមន្រ្តីយោធា ក្នុងក្របខណ្ឌក្រសួងការពារជាតិ ដែលមានងារជាឧកញ៉ាថែមទៀត។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាយ៉ាងដាច់ណាត់មិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់របស់កម្ពុជា មានទាហាន នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតនោះទេ។ កងកម្លាំងប្រដាប់អាវុធណា ដែលមានងារជា «ឧកញ៉ា» ធ្វើការជ្រើសរើសជាបន្ទាន់ថាតើត្រូវយកងារ «ឧកញ៉ា» ឬយកតួនាទីរបស់ខ្លួន។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ហើយបានរំលឹកម្តងទៀត នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ។

សម្រាប់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, ការងារនេះនឹងត្រូវធ្វើឱ្យច្បាស់លាស់ និងជាក់លាក់ ដែលជាកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងជួរកងទ័ព៕