(កំពង់ចាម)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក វ៉េង សុធី បានណែនាំឲ្យអង្គភាពសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី រួមសាមគ្គីគ្នារៀបចំដំណើរការ ការងារឲ្យបានល្អ ដើម្បីត្រៀមទទួលអ្នកវិនិយោគទុនធំៗ មកទំនាក់ទំនងនៅក្នុងខេត្តរបស់ខ្លួន។

រដ្ឋលេខាធិការបានថ្លែងដូច្នេះ ក្នុងខណៈដែលលោក និងលោក កែវ នាឬទ្ធិ អភិបាលរងខេត្តកំពង់ចាម ចូលរួមបោះឆ្នោតជ្រើសតាំងអនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម។

លោក វ៉េង សុធី បានថ្លែងបន្តថា «ការបោះឆ្នោតជ្រើសតាំងអនុប្រធានសុភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី អាណត្តិទី២ លើកទី២ បានបញ្ចប់ទៅដោយទទួលបានលទ្ធផលល្អហើយ ក្នុងនោះខេត្តកំពង់ចាម មានអនុប្រធានចំនួន ៦រូប បានជាប់ឆ្នោតរួមមាន​៖

*ទី១៖ លោក ទេព ភារម្យ, ទី២៖ លោក វិន ឆាយ, ទី៣៖ លោក សែ ឡាឡែន, ទី៤៖ លោក ហង្ស សុខជា, ទី៥៖ លោក យ៉េន វៃ, ទី៦៖ លោក ឃុន សំបូរ រីឯដែលខេត្តមណ្ឌលគិរី ត្រូវបានជ្រើសតាំងអនុប្រធាន១រូប គឺលោក ចាយ ម៉ៅ។ ទន្ទឹមនឹងនេះលោកឧកញ៉ា ហួត ឈឿន ដែលបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម-មណ្ឌលគិរី កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បានខិតខំរៀបចំឋានានុក្រម ដើម្បីពន្លឿនដំណើរការការងារ នៃអង្គភាពសភាពាណិជ្ជកម្មនះផងដែរ។

យ៉ាងនោះក្តីលោក វ៉េង សុធី ប្រាប់ឲ្យអង្គភាពសភាពាណិជ្ជកម្មខេត្តកំពង់ចាម ប្រញាប់រៀបចំការិយាល័យរបស់ខ្លួនឲ្យបានសមរម្យ ដើម្បីត្រៀមទទួលអ្នកវិនិយោគទុនធំៗ ដែលមកធ្វើវិនិយោគនៅក្នុង ខេត្តកំពង់ចាម និងខេត្តមណ្ឌលគិរីផងដែរ។

អភិបាលរងខេត្តកំពង់ចាមលោក កែវ នាឬទ្ធិ បានថ្លែងណែនាំសូមឲ្យអង្គភាពសភាពាណិជ្ជកម្ម ធ្វើការបែងចែកភារកិច្ច តួនាទីនៅក្នុងអង្គភាពឲ្យបានច្បាស់លាស់ នឹងត្រូវរួបរួមសាមគ្គីគ្នា ដើម្បីឲ្យអង្គភាពមានការរីកចម្រើន លើវិស័យពាណិជ្ជកម្ម។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា បន្ទាប់ពីសភាពាណិជ្ជកម្មបានរៀបចំឋានានុក្រម និងការិយាល័យបានសមរម្យហើយ អាជ្ញាធរខេត្តនឹងណែនាំឲ្យអ្នកវិនិយោគទុនធំៗ មកជួបទំនាក់ទំនងជាមួយ នឹងសភាពពាណិជ្ជកម្ម ដើម្បីជជែកគ្នាលើកិច្ចការពាណិជ្ជកម្មនេះ ហើយសភាពាណិជ្ជកម្មនឹងក្លាយទៅជាអ្នកប្រមូលផ្ដុំនាំចេញតែម្ដង៕