(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករមាសហែក នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ទូទៅ ត្រួតពិនិត្យការងារគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក ខេត្តស្វាយរៀង ប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩។ កិច្ចប្រជុំនេះ បានប្រព្មានការចូលរួមពី ថ្នាក់ដឹកនាំ សមាជិក សមាជិការ ជាច្រើនរូប។

ក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការបក្សស្រុក និងក្រុមការងារថ្នាក់កណ្តាលថ្នាក់ខេត្តចុះជួយស្រុក បានឯកភាពគ្នាដាក់ចេញនូវផែនការសកម្មភាព ការប្តេជ្ញាចិត្ត រិះរកវិធានការគន្លឹះៗសម្រាប់ ចាត់តាំងអនុវត្តបន្តព្រមទាំងធ្វើការប្រជុំបូកសរុបត្រួតពិនិត្យ វាយតម្លៃ កែលម្អបានទាន់ពេលវេលា និងដាក់ផែនការអនុវត្តបន្តរៀងរាល់ខែ។ ក្រុមការងារគ្រប់ថ្នាក់ ថ្នាក់ដឹកនាំគណបក្សស្រុក គណបក្សឃុំ បានឯកភាពគ្នាចុះដល់ភូមិ ជួបគ្រួសារបក្ស និងសមាជិកបក្ស ដើម្បីជួយគាំទ្រ និងឆ្លើយតបសំណូមពររបស់ពួកគាត់ និងដោះស្រាយការលំបាកនានា។

សម្រាប់ទិសដៅ និងភារកិច្ចសម្រាប់អនុវត្តបន្តវិញ គឺគណបក្សស្រុក គណៈកម្មាធិការបក្សមូលដ្ឋាន គណៈកម្មាធិការបក្សឃុំ សាខាបក្សអង្គភាព សាខាបក្សភូមិទូទាំងស្រុកត្រូវបន្តយកចិត្តទុកដាក់ពង្រឹងអំពីរបៀបរបបការងារ និងជំរុញការអនុវត្តការប្រជុំជីវភាពប្រចាំខែឲ្យបានទៀងទាត់ដោយមានរបៀបវារៈ របាយការណ៍ កំណត់ហេតុ និងវត្តមានរួមជាមួយប្រាក់ជីវភាពឲ្យបានសុក្រឹត្យផ្ញើរជូនមកគណបក្សស្រុក។

គណបក្សនឹងបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សគ្រប់ថ្នាក់ពីស្រុករហូតដល់មូលដ្ឋានឃុំ ភូមិក្រុមបក្សនីមួយៗ សំដៅរួមគ្នាលើកកម្ពស់ទាំងឆន្ទៈគោលជំហរស្មារតីទទួលខុសត្រូវ ខ្ពស់ក្នុងការចាត់តាំងអនុវត្ត កម្មវិធីនយោបាយរបស់គណបក្សឲ្យបានជោគជ័យជូនបក្សសំដៅពង្រឹងបង្កើនការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ជូនគណបក្សបន្ថែមទៀត៕