(ភ្នំពេញ)៖ ដើម្បីលើកស្ទួយវិស័យភាពយន្ដឲ្យកាន់តែ រីកចម្រើនបន្ថែម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាប់ផ្ដើមពង្រឹងសមត្ថភាព ដល់មន្ត្រីគ្រប់គ្រងត្រួតពិនិត្យផ្នែក ឧស្សាហកម្មភាពយន្ត ដើម្បីឲ្យពួកគេមានសមត្ថភាពពេញលេញ ក្នុងការគ្រប់គ្រងវិស័យភាពយន្ត ខណៈបច្ចុប្បន្ននេះវិស័យភាពយន្ដកំពុងដំណើរ និងវិវត្តន៍ឈានឡើងឥតឈប់ឈរ។

ដើម្បីពង្រឹងសមត្ថភាពរបស់មន្រ្ដីឲ្យកាន់តែប្រសើរឡើងទៀតនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលាមួយស្ដីពី «ការពង្រឹងសមត្ថភាពមន្ត្រី គ្រប់គ្រងត្រួតពិនិត្យ ឧស្សាហកម្មភាពយន្ត» នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមការចូលរួមពីលោក សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងមន្រ្ដីបុគ្គលិកជាច្រើនរូបផងដែរ។

លោក សោម សុគន្ធ ឲ្យដឹងថា ឧស្សាហកម្មភាពយន្តបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយជាតិស្ដីពី វិស័យវប្បធម៌ឲ្យសម្រេចបានជោគជ័យ។

លោកបន្ថែមថា «ឧស្សាហកម្មភាពយន្ត ពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយជាតិស្ដីពី វិស័យវប្បធម៌ឲ្យសម្រេចបានជោគជ័យ ព្រោះវិស័យភាពយន្តបានរួមចំណែក ដល់ការពារ, ថែរក្សាកេរ្តិ៍ដំណែលវប្បធម៌ និងការពង្រឹងអត្តសញ្ញាណជាតិ»

លោក សោម សុគន្ធ បានបន្តថា បច្ចុប្បន្នការផ្តល់សេវាសាធារណៈ លើវិស័យភាពយន្តបាននិងកំពុងមានការវិវត្តឈានឡើង ស្របពេលសេដ្ឋកិច្ចជាតិ មានការរីកចម្រើនជាលំដាប់។ ដោយពិនិត្យឃើញកំណើននៃតម្រូវការសេវាសាធារណៈ លើវិស័យភាពយន្តមានការកើនគួរឲ្យកត់សម្គាល់ ក្រសួងវប្បធម៌ តាមរយៈនាយកដ្ឋានភាពយន្ត បានដាក់អាទិភាពជាដំបូងលើការលើកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនសមត្ថភាពមន្ត្រីគ្រប់គ្រងឧស្សាហកម្មភាពយន្ត និងមន្ត្រីដែលផ្តល់សេវាសាធារណៈ ឲ្យកាន់តែមានសមត្ថភាពគ្រប់គ្រាន់។

លោក ប៉ុក បូរក្ស បានឲ្យដឹងថា សិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណងពង្រឹងការងារគ្រប់គ្រងវិស័យភាពយន្តនៅកម្ពុជា ឲ្យមានប្រសិទ្ធភាព សំដៅធានានូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ភាពជឿទុកចិត្តក្នុងផ្ដល់សេវាសាធារណៈ លើវិស័យភាពយន្តឲ្យកាន់តែល្អប្រសើរឡើង ស្របតាមគោលនយោបាយជាតិស្ដីពី វិស័យវប្បធម៌ ពិសេស ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍រីកចម្រើនរបស់សង្គមជាតិ។

លោកបានបង្ហាញពី ជំនឿជឿជាក់ថា មន្ត្រីគ្រប់គ្រងត្រួតពិនិត្យឧស្សាហកម្មភាពយន្ត របស់ក្រសួងវប្បធម៌ពិសេសមន្ត្រីតាមមូលដ្ឋាន នឹងទទួលបាននូវចំណេះដឹងជំនាញ និងបទពិសោធន៍នានា ដើម្បីយកទៅប្រើប្រាស់ឲ្យចំគោលដៅ សំដៅលើកកម្ពស់ប្រសិទ្ធការងារគ្រប់គ្រងវិស័យភាពយន្ត និងការផ្តល់សេវាសាធារណៈ លើវិស័យភាពយន្តឲ្យកាន់តែមានភាពល្អប្រសើរជូនប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍ របស់នាយកដ្ឋានភាពយន្ត ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៤-២០១៨ ចំណូលដែលប្រមូលបានមកពី ការផ្ដល់សេវាសាធារណៈលើវិស័យភាពយន្តកើនឡើងគួរឲ្យកត់សម្គាល់ ហើយចំណែកចំនួនទស្សនិកជន ដែលចូលទស្សនាភាពយន្ត តាមរោងភាពយន្តនានា កើនឡើងជាង៥លាននាក់ទូទាំងប្រទេស ហើយចំណូលពីការលក់សំបុត្រកុនមានជាង១៥លានដុល្លារក្នុង១ឆ្នាំ៕