(ភ្នំពេញ)៖ គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍សោះ បែរជាបុរសម្នាក់ដកកាំភ្លើងវាយបុរសម្នាក់ផ្សេងទៀត ដែលជាភាគីទំនាស់ បណ្ដាលឲ្យរងរបួសក្បាល នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិត នៅតាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីនារីដែលជាមិត្តស្រី របស់បុរសរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេទើបតែចេញពីហូបបាយ និងកំពុងតែជិះម៉ូតូត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចមុខស្ថានទូតគុយវ៉ែត ស្រាប់តែសង្សាររបស់ខ្លួន បើកម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GQ-2449 ក្នុងស្ថានភាពស្រវឹងក៏ជ្រុល ទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1FR-1386 បើកបរដោយបុរសម្នាក់ បណ្ដាលឲ្យដួលទៅនឹងថ្នល់។ ភ្លាមៗនោះបុរសដែលជាម្ចាស់ម៉ូតូ HONDA DREAM បានងើបមកវាយបុរសដែលជាម្ចាស់ម៉ូតូ HONDA PCX ជាច្រើនដៃ និងបានដកកាំភ្លើងខ្លី វាយចំក្បាលបណ្ដាលឲ្យរងរបួសហូរឈាម ក៏ត្រូវបានរថយន្តសង្រ្គោះបន្ទាន់ ដឹកយកទៅមន្ទីរពេទ្យផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានដឹងជនបង្កទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីធ្វើការសាកសួរនាំបន្តផងដែរ៕