(ពោធិ៍សាត់​)​៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​មន្ត្រីនៅទីស្នាក់ការកណ្តាល​ និងថ្នាក់ដឹកនាំ-មន្ត្រី​នៃសាខាកាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់​​ ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន​ ៩៨៣គ្រួសារ​​ រស់នៅស្រុកបាកាន​ ខេត្តពោធិ៍សាត់​​។

ពិធី​នេះបានរៀបចំឡើងនៅថ្ងៃសុក្រ ៨កេីត​ ខែភទ្របទ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​ ៦​ ខែកញ្ញា​​ ឆ្នាំ២០១៩​ នេះ​ នៅវិទ្យាល័យអូរតាប៉ោង​ ស្ថិតក្នុងភូមិអូរតាប៉ោង​ ឃុំអូរតាប៉ោង​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់​។

ក្នុងឱកាសនៃពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់​ លោកស្រី​ ម៉ែន​ នារី​សោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា​​ បានពាំនាំនូវប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ​ ក្តីនឹករលឹក​ ការស្រឡាញ់​យ៉ាងជ្រាលជ្រៅ​ និងគិតគូរជានិច្ច​ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់​ ជាពិសេសអ្នកដែលប្រឈមនឹងគ្រោះទឹកជំនន់​នៅក្នុងវដូវវស្សានេះ​ ក៏ដូចជា​ប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ រួមមាន​ ចាស់ជរាឥតទីពឹង​ ស្ត្រីមេម៉ាយ​កូនច្រេីន​ ជនពិការ​ កុមារកំព្រា​ និងអ្នកមានជំងឺរ៉ាំរ៉ៃ​ ដែលជាជនងាយរងគ្រោះចាំបាច់​បំផុត​​ ដែលកាកបាទក្រហមកម្ពុជា​ ត្រូវគិតគូរ​​ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពគ្រួសារ។

ជាមួយគ្នានេះ​ លោកស្រី អគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា​ ថ្វីត្បិតតែ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ មិនបានអញ្ជេីញចុះមកជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋទាំងអស់​ក៏ដោយក៏​​ សម្តេច​​ តែងតែចាត់ឱ្យសហការីចុះបំពេញការងារជារៀងរាល់ថ្ងៃ​ ជាមួយនឹងការពាំនាំនូវអនុសាសន៍​ផ្តាំផ្ញេីជូនលោកយាយ​ លោកតា​ បងប្អូនទាំងអស់​ នូវសារអំពាវនាវ​របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ក្នុងនាមជា​ឥស្សរជនឆ្នើមថ្នាក់ជាតិ​នៃវេទិការភាពជាអ្នកដឹកនាំ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក​ឆ្លេីយតបមេរោគអេដស៍​ ជំងឺអេដស៍​ និងការអភិវឌ្ឍនៅកម្ពុជា​ និងជា​ឥស្សរជនឆ្នើមថ្នាក់ជាតិ​នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ដេីម្បីសុខភាពស្ត្រីនិងកុមារ​ ដែលមានខ្លឹមសារដូច​ខាងក្រោម​៖

* សូមគិតគូរពី​ការថែទាំសុខភាពជាចម្បង​ ដែលក្នុងនោះ​ ការទទួលទានអាហាររូបត្ថម្ភគឺជារឿងចាំបាច់​ដោយ​ត្រូវបរិភោគ​ឱ្យបានត្រឹមត្រូវ​ ផឹកទឹកដាំឆ្អិនល្អ​ រស់នៅក្នុងបរិស្ថានស្អាត​ មានអនាម័យ​ គ្មានសំរាម​ គ្មានទឹកដក់ឬជម្រក​សត្វមូស​ ដែលជាប្រភពនៃជំងឺគ្រុនឈាម-គ្រុនចាញ់។

* សូមស្ត្រីមានផ្ទៃពោះ​ អញ្ជេីញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់​ដេីម្បីតាមដាន​និងទប់ស្កាត់ការចម្លងជំងឺ​នានាពីម្តាយទៅទារក​ ដូចជាជំងឺអេដស៍​ ឬជំងឺតំណពូជជាដេីម ហេីយត្រូវទៅសម្រាលកូន​នៅមណ្ឌលសុខភាព​ដែលនៅជិតបំផុត។

* សូមអ្នកដែលរស់នៅជាមួយមេរោគអេដស៍ទាំងអស់​ ទៅទទួលថ្នាំប្រឆាំងមេរោគឱ្យបានទៀងទាត់​ និងកុំចម្លងទៅអ្នកដទៃ​ ហេីយត្រូវដេីរតួជាអ្នកផ្សព្វផ្សាយ​ដល់​អ្នកដទៃ​ ឱ្យចូលរួមជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ និងកាកបាទក្រហមកម្ពុជា​ ដេីម្បីសម្រេចបាន​គោលដៅអភិវឌ្ឍ​ន៍ប្រកបដោយចីរភាព​នៅឆ្នាំ២០២៥​ គឺ​ គ្មានការឆ្លងមេរោគអេដស៍ថ្មី​ គ្មានការស្លាប់ដោយសារមេរោគអេដស៍​ និងគ្មានការរេីសអេីង។

* សូមចូលរួមចំណែកទាំងអស់គ្នា​លេីក​កម្ពស់គោល​នយោបាយភូមិឃុំមានសុវត្ថិភាព លុបបំបាត់គ្រឿង​ញៀន​ គ្រឿងស្រវឹង​ និងល្បែងស៊ីសងគ្រប់ប្រភេទ​ ដែលជាប្រភពនៃ​អំពេីហិង្សា​ ចោរកម្ម​ សម្លាប់មនុស្ស​ ដេីម្បី​សេចក្តីសុខក្នុងគ្រួសារ​ និងសុខដុមរមនាក្នុងសង្គមជាតិយេីង។

* សូម​ចូលរួមអនុវត្តច្បាប់ស្តីចរាចរណ៍ផ្លូវគោក​ឱ្យបានខ្ជាប់ខ្ជួន​ ដេីម្បីកាត់បន្ថយអត្រាស្លាប់និងពិការភាពដោយគ្រោះ​ថ្នាក់ចរាចរណ៍ដែេលកេីតមានជារៀងរាល់ថ្ងៃ។

* សូមប្រុងប្រយ័ត្នករណីក្មេងលង់ទឹកក្នុងរដូវវស្សានេះ​ ដែលអាចឱ្យក្រុមគ្រួសារមានវិប្បដិសារីអស់មួយជីវិត។

ទន្ទឹមនឹងនេះដែរ​ លោកបណ្ឌិត​ ម៉ៅ​ ធនិន​ ប្រធានកិត្តិយសសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់​ តំណាងឱ្យប្រជាពលរដ្ឋទទួលផលទាំងអស់​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលជាមាតាមនុស្សធម៌​តែង​យកចិត្តទុកដាក់ឆ្លេីយតបចំពោះសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ​ប្រកបដោយព្រហ្មវិហារធម៌បានទាន់ពេលវេលា​ និងគ្មានការរេីសអេីងអ្វីទាំងអស់។

សូមបញ្ជាក់ថា​ អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ​ ១០កំប៉ុង​ និងឃីត១​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​)​​៕