(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ស្ថិតឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាបចំនួន៣៨០គ្រួសារ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩។

ពិធីនេះបានរៀបចំ នៅក្នុងបរិវេណវត្តដំណាក់ចន្ទារាម (ហៅវត្ត ត្រកៀត) ភូមិត្រកៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយដែលរៀបចំឡើងដោយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត។

លោកអភិបាលខេត្តបានថ្លែងថា ការផ្តល់អំណោយជូនដល់លោកយាយ លោកតា និង បងប្អូនដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗក្នុងឆ្នាំ២០១៩ ដែលនេះគឺជា កាតព្វកិច្ច និងការឈឺឆ្អាលយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ និងជួបការលំបាករបស់រាជរដ្ឋាភិបាលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់។

លោកបន្តថា ក្នុងនាមថ្នាក់ ដឹកនាំខេត្តត្រូវធានាធ្វើយ៉ាងណាអនុវត្តឱ្យខានតែបាន នូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាជំហានៗ ។
ជាក់ស្តែងជាសក្ខីភាពស្រាប់ នាថ្ងៃនេះ យើងបាននិងកំពុងរៀបចំពិធីផ្តល់ នូវអំណោយដល់ប្រជាពលរដ្ឋរងគ្រោះ ដែលទាំងនេះគឺជាចែករំលែក អាចជួយសម្រាលការលំបាក និងការជួយក្នុងគ្រាមានអាសន្នអន់ក្រ ហើយក៏ជាប្រពៃណី ដែលថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែប្រតិបត្តិជាប់ជាប្រចាំ គ្រប់កាលៈ ទេសៈ មិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ គណបក្សនយោបាយណាមួយឡើយ ។

លោកបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំដ៏ឆ្នើម បាននិងកំពុងបន្តពុះពារជំនះ ការលំបាក និងឧបសគ្គនានា ដឹកនាំជោគវាសនាកម្ពុជា ដើម្បីឈានទៅ សម្រេចបាននូវសមិទ្ធផលបន្ថែមទៀត ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ តាមរយៈការជំរុញឱ្យមានស្ថិរភាព កំណើនសេដ្ឋកិច្ចជាតិ ការពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ និងបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសនានា នៅក្នុងសកលលោក ។

លោកបន្តទៀតថា ក្នុងបរិបទនេះ អាជ្ញាធរខេត្តសៀមរាប ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័ននានា នឹងបន្តជំរុញឱ្យមានការអភិវឌ្ឍបន្ថែមទៀត ក្នុងការលើកកម្ពស់កម្រិតជីវភាព របស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការពង្រឹង ការអនុវត្ត ជាប្រចាំនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ធានានូវសន្តិសុខ ទាំងតាមទីជនបទ ក៏ដូចជាទីប្រជុំជន ក្រុង-ស្រុក សំដៅបង្ករលក្ខណៈ ងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋ ប្រកបមុខរបរទទួលទានដោយសុខសុវត្ថិភាព និងពង្រីកលើការវិនិយោគសាធារណៈ រួមចំណែកឈានទៅសំរេចបាន នូវគោលដៅអភិវឌ្ឍ ប្រកបដោយនិរន្តភាព ។

សូមបញ្ជាក់ថា ការផ្តល់អំណោយនាពេលនេះ រួមមាន កន្ទេល មុង ភួយ សារុង និងក្រមា ជូនដល់លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋ ជួបការលំបាក ដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ក្នុងឆ្នាំ ២០១៩ ស្ថិតក្នុងឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាបចំនួន៣៨០គ្រួសារ នាពេលនេះ មិនច្រើនប៉ុន្មានទេ ប៉ុន្តែបានបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ក្នុងការជួយកាត់បន្ថយ នូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះបានមួយកម្រិតដែរ ៕