(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារគ្រប់ជំនាញ បានចុះទៅពិនិត្យស្ថានភាព រស់នៅរបស់ពលរដ្ឋ ដែលបានជម្លៀសទៅរស់នៅលើទីទួលសុវត្ថិភាព ខណៈដែលទឹកទន្លេមេគង្គហក់ឡើងលិចផ្ទះសម្បែងរបស់គាត់ ស្ថិតនៅឃុំបុសលាវ ស្រុកចិត្តបុរី ខេត្តក្រចេះ និងបាននាំយកសម្ភារមួយចំនួន ទៅចែកជូនពលរដ្ឋ ព្រមទាំងបានចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ លើសត្វគោក្របីទៀតផង។

យោងតាមរបាយការណ៍របស់សាលាខេត្តក្រចេះ បានបង្ហាញពីផលប៉ះពាល់ដោយទឹកជំនន់នេះថា គិតត្រឹមថ្ងៃទី៦ ខែកញ្ញានេះ ការលិចលង់បង្កឱ្យប៉ះពាល់ដល់ស្រូវវស្សាចំនួន១៤៥៩ហិកតា ប៉ះពាល់ដំណាំរួមផ្សំចំនួន២២៨ហិកតា លិចផ្លូវលំ១២ខ្សែ ទំនប់២កន្លែង ប្រវែង១៣៥០ម៉ែត្រ បាំងច្រាំងទន្លេចំនួន៩កន្លែង នៅក្នុងស្រុកឆ្លូង និងស្រុកព្រែកប្រសព្វ ប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ៥,៣២៤ខ្នងផ្ទះ ប៉ះពាល់អណ្តូងស្នង១០០អណ្តូង ប៉ះពាល់សាលារៀន២៣ កន្លែង មណ្ឌលសុខភាពចំនួន២ ប៉ះពាល់វត្ត៣កន្លែង និងសាលាឃុំ២កន្លែង ព្រមទាំងផ្លូវលំ និងផ្លូវក្នុងខេត្តជាច្រើនទៀត។

នៅថ្ងៃដដែលនេះដែរ ខណៈពេលដែលស្ថានភាពទឹកក្នុងខេត្តក្រចេះ ដល់កម្រិត២២.២០ម៉ែត្រ លោកអភិបាលខេត្ត រួមក្រុមការងារចម្រុះ បន្តចុះពិនិត្យទីតាំងស្ថានីយ៍បូមរំដោះទឹក ហ៊ុនសែនទី៥១ ក្រុងក្រចេះ និងពិនិត្យជាក់ស្តែងពីស្ថានភាពទឹកដែលជន់ចូលក្រុង។

តាមការបញ្ជាក់ឲ្យដឹងពីលោក ប្រធានមន្ទីរធនធានទឹក និងឧតុនិយមឲ្យដឹងថា ចំពោះមុខថ្ងៃនេះយើងឃើញថា កម្ពស់ទឹកមាន២២.២០ម៉ែត្រ គឺជាកម្រិតដែលយើងប្រុងប្រយ័ត្នខ្ពស់ ហើយកម្រិតនេះទឹកហូរចូលក្នុងទីក្រុងក្រចេះ ទទឹមនេះយើងមានម៉ាស៊ីនបូមទឹកសម្ដេច ហ៊ុន សែន ទី៥១ ក្រុងក្រចេះសាងសង់ដោយក្រសួងធនធានទឹក ដែលមានលោករដ្ឋមន្ត្រី លឹម គានហោ ហើយយើងបានដោះស្រាយជូនប្រជាជនដោយពុំមានបញ្ហាអ្វីទេ៕