(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ មូលនិធិ វណ្ណេត សុវណ្ណភូមិ សហការជាមួយនឹងក្រុមហ៊ុន JEUNESSE GLOBAL CAMBODIA បានចុះធ្វើការងារមនុស្សធម៌មួយ ដោយបាននាំយកអំណោយមួយចំនួនរួមជាមួយសម្ភារសិក្សា ជូនក្រុមក្មេងកំព្រានៅមណ្ឌល «គ្រួសារកុមារកំព្រាឈូករ័ត្ន» រស់នៅភូមិគោគខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រៅពីការផ្តល់ជាអំណោយមួយចំនួន និងសម្ភារសិក្សានោះ ក្រុមហ៊ុនទាំងពីរក៏បានអញ្ជើញក្រុមកុមារកំព្រាប្រមាណជាជាង២០០នាក់ទាំងអស់នោះ ទៅពិសាអាហារសាមគ្គី ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងបង្កើនភាពស្និទ្ធស្នាលបន្ថែមទៀត ទៅលើក្រុមក្មេងដែលរស់នៅមណ្ឌល «គ្រួសារកុមារកំព្រាឈូករ័ត្ន» ទាំងអស់នោះផងដែរ។

លោក សាន វណ្ណេត ប្រធានប្រតិបត្តិគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន វណ្ណេត សុវណ្ណភូមិ CTLV បានឲ្យដឹងថា ពិធីចែកជាសម្ភារសិក្សា និងអំណោយមួយចំនួននេះ ធ្វើឡើងដើម្បីជួយដល់សម្រាលទុក្ខលំបាកមួយកម្រិត សម្រាប់ប្អូនៗជាក្មេងកំព្រាដែលរស់នៅក្នុងគ្រួសារកុមារកំព្រាឈូករ័ត្ន ភូមិគោគខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយទាំងអស់នេះហើយក៏បានជម្រុញឲ្យពួកគាត់ កាន់តែមានការខិតខំប្រឹងប្រែងរៀនសូត្រមន្ថែមទៀតផងដែរ។

លោកបន្ថែមថា នេះជាលើកទី១៥មកហើយ ដែលម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ វណ្ណេត សុវណ្ណភូមិ CTLV ដែលមានលោក យុត្ថារា ឆានី ជាតំណាងក្រុមហ៊ុន ក៏បានចូលរួមការងារមនុស្សធម៌បែបនេះ ជាច្រើនលើកមកហើយ ដោយក្នុងនោះក៏បានយកប្រាក់ចំណេញ របស់ក្រុមហ៊ុនមួយចំនួន ទៅជួយដល់កុមារកំព្រា និងក្រីក្រមួយជាច្រើននាក់ ដែលរស់នៅតាមទីតំបន់ដាច់ស្រយ៉ាលមួយចំនួនផ្សេងទៀត។

លោកបព្ជាក់បន្ថែមទៀតថា ការងារមនុស្សធម៌នេះត្រូវបានធ្វើឡើងរយៈពេល៣ឆ្នាំមកហើយ ដោយក្នុងនោះ១ឆ្នាំ គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ វណ្ណេត សុវណ្ណភូមិ CTLV ប្រាព្ធឡើងចំនួន៣ដង។

សូមជម្រាបជូនថា ការងារមនុស្សធម៌ត្រូវបានយកចិត្តទុកដាក់បំផុត ពីបណ្តារាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលជួបប្រទះ នាពេលសព្វថ្ងៃនេះ និងជាពិសេសបានធ្វើឲ្យកុមារ បានទទួលយកក្តីស្រឡាញ់ពីសប្បុរសជន ដែលបានធ្វើការងារមនុស្សធម៌នេះផងដែរ។

ជាមួយគ្នានោះដែរ មូលនិធិ វណ្ណេតសុវណ្ណភូមិ និងក្រុមហ៊ុន JEUNESSE GLOBAL CAMBODIA ក៏បានប្តេជ្ញារួមគ្នា នឹងចូលរួមការងារមនុស្សបែបនេះបន្ថែមទៀត ហើយទាំងអស់នេះក៏បានសម្រាលទុក្ខធុរៈមួយផ្នែកផងដែរក្នុងសង្គម ដើម្បីជួយដល់កុមារក្រីក្រនៅកម្ពុជា៕