(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានស្នើឱ្យពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ក្នុងការស្វែងរកសេវាថែរក្សាសម្ផស្ស ដោយត្រូវស្វែងរកសេវាណា ដែលមានការអនុញ្ញាតពីក្រសួងសុខាភិបាល និងប្រើប្រាស់ផលិតផលគ្រឿងសម្អាង ដែលមានច្បាប់ត្រឹមត្រូវ ពីក្រសួង ដើម្បីជៀសវាងផលិតផលក្លែងក្លាយ មិនមានគុណភាព ឬផលិតផលហាមឃាត់ ដែលអាចមានគ្រោះថ្នាក់។

ការស្នើរបស់លោកស្រី ឱ វណ្ណឌីន ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលថែរក្សាសម្ភស្ស CELL-VITALIS ភ្នំពេញ គ្លីនិក នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។

លោកស្រីអះអាងថា ទោះបីជាក្រសួងមានយន្តការការពារទប់ស្កាត់យ៉ាងណា ក៏មានជនឱកាសនិយមមួយចំនួនបានលួចលាក់ផលិត កែច្នៃ និងលក់នូវផលិតផល ថែរក្សាសម្ផស្ស ដោយគ្មានការអនុញ្ញាត បណ្តាលឱ្យមានផលប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ និងរហូតមានដល់បាត់បង់ជីវិតផងដែរ។ ហេតុដូច្នេះហើយសូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការប្រើប្រាស់។

លោកស្រី ឱ វណ្ណឌីន បានថ្លែងឲ្យដឹងថា ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ វិស័យសុខាភិបាលនៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន ក្នុងនាមក្រសួសួងសុខាភិបាល សូមផ្ដល់គន្លឹះ៣យ៉ាងដល់មជ្ឈមណ្ឌលថែរក្សាសម្ភស្ស CELL-VITALIS ភ្នំពេញ គ្លីនិកដូចជា៖

១៖ ពង្រឹងសេវាស្រប់តាមច្បាប់បទដ្ឋានគតិយុត្តិ មិនត្រូវប្រកបអាជីវកម្មផ្សេងទៀតក្រៅពីសេវាថែរក្សាសម្ភស្ស ប្រសិនបើចង់បង្កើតអ្វីថ្មីៗ ត្រូវទៅសុំច្បាប់អនុញ្ញាតពី ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។

២៖ ត្រូវមានសៀវភៅកត់ត្រាជាប្រចាំថ្ងៃ ឲ្យបានរាល់ថ្ងៃនូវសកម្មភាពដែលបានធ្វើ។

៣៖ ត្រូវប្រើប្រាស់គ្រឿងសម្អាង ដែលមានការទទួលស្គាល់ ពីក្រសួងសុខាភិបាលបានត្រឹមត្រូវ ដែលប្រើប្រាស់ទៅមិនបះពាល់ ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា។

លោកស្រី ស្រី សុធារី នាយកគ្រប់គ្រងមជ្ឈមណ្ឌលថែរក្សាសម្ភស្ស CELL-VITALIS ភ្នំពេញ គ្លីនិក បានប្តេជ្ញាអភិវឌ្ឍខ្លួនឱ្យទៅជាទីកន្លែងជម្រើសទី១ ដែលផ្តល់ស្តង់ដាសេវាកម្មប្រកបដោយ គុណភាពខ្ពស់ដូចនៅប្រទេសអាឡឺម៉ង់ និងស្របតាមគោលការណ៍ច្បាប់ នៃប្រទេសកម្ពុជា៕