(ភ្នំពេញ)៖ រសៀលថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ CDC បានទទួលជួបគណៈប្រតិភូវិនិយោគិនជប៉ុនចំនួន១៤រូប ដែលកំពុងមានប្រតិបត្តិការនៅក្នុងតំបន់ និងនៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់បន្ថែមពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដឹកនាំដោយលោកប្រធានផ្នែកតំបន់អាស៊ី និងអូសេអានីនៃធនាគារ មីហ៊្សូហូ ដែលជាធនាគារមួយ ក្នុងចំណោមធនាគារធំជាងគេទាំងបី នៅប្រទេសជប៉ុន។

ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌ នៃការអនុវត្តអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញវិនិយោគ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះហត្ថលេខាជាមួយធនាគារ មីហ៊្សូហូ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ សំដៅជំរុញការវិនិយោគរបស់ជប៉ុនមកកម្ពុជា និងលើកកម្ពស់ភាពជាដៃគូសហគ្រិនកម្ពុជា-ជប៉ុន។

លោក សុខ ចិន្តាសោភា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈប្រតិភូ និងបានជម្រាបជូនគណៈប្រតិភូ អំពីការវិវត្តសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តភាព និងសក្ដានុពលធុរកិច្ច និងវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

ឆ្លើយតបនឹងសំណួរពីវិស័យដែលកម្ពុជា ចង់ឃើញអ្នកវិនិយោគជប៉ុនធ្វើការវិនិយោគ លោករដ្ឋមន្រ្តីប្រតិភូបានជម្រាប ជូនគណៈប្រតិភូ អំពីវិស័យអាទិភាពទាំង៥ ដែលបានកំណត់នៅក្នុង គោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ជាពិសេសវិស័យកសិ-ឧស្សាហកម្ម និងកែច្នៃចំណីអាហារ ដែលក្រុមហ៊ុនជប៉ុនមានបច្ចេកវិទ្យា និងជំនាញ ខណៈដែលកម្ពុជាមានកសិផលដែលមានគុណភាពខ្ពស់៕