(ភ្នំពេញ)៖ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា លោកកំពុងប្រឹងរៀនភាសាខ្មែរបន្ថែម ដើម្បីបានស្វែងយល់ពីខ្មែរកាន់តែច្បាស់។

ការបញ្ជាក់របស់លោកឯកអគ្គរាជទូត បានធ្វើឡើងតាមរយៈវីដេអូខ្លីមួយបង្ហោះនៅលើទំព័រ Facebook របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជានាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ។ នៅក្នុងវិដេអូនេះ លោកឯកអគ្គរាជទូតបាននិយាយជាភាសាខ្មែរថា «ជម្រាបសួរ! ខ្ញុំឈ្មោះ មិកាមិ ឯកអគ្គរាជទូតជប៉ុន។ ខ្ញុំសប្បាយរីករាយដែលបានមកធ្វើការនៅកម្ពុជា។ ខ្ញុំខំរៀនភាសាខ្មែរ ដើម្បីស្គាល់កម្ពុជាកាន់តែច្បាស់។ សូមអរគុណ»។

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានអញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ ដើម្បីបំពេញការងារនៅក្នុងប្រទេសកម្ពុជា។ លោក មិកាមិ ជាឯកអគ្គរាជទូតជប៉ុនមួយរូបទៀត ដែលកំពុងរៀនភាសាខ្មែរ បន្ទាប់ពីឯកអគ្គរដ្ឋទូតទើបចប់អាណត្តិទៅ គឺលោក ហ៉ីដេហ៉ីសា ហូរីណូឈិ។ លោក ហ៉ីដេហ៉ីសា ហូរីណូឈិ ជាឯកអគ្គរាជទូតជប៉ុនមួយរូបដែលនិយាយភាសាខ្មែរបានល្អ ហើយតែងនិយាយភាសាខ្មែរនៅតាមវេទិកានានា។ លោកទទួលបានការចាប់អារម្មណ៍ ការចងចាំ និងគោរពស្រឡាញ់ខ្ពស់ពីប្រជាពលរដ្ឋខ្មែរ។

សូមបញ្ជាក់ថា លោក មិកាមិ ម៉ាសា ហ៉ីរ៉ូ កើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៦២។ លោកមានកូនពីរនាក់។ លោកបានចូលបម្រើការនៅក្រសួងការបរទេសនា ឆ្នាំ១៩៨៦។ ឆ្នាំ ២០០៨ បានក្លាយជានាយកទទួលបន្ទុកផ្នែកមជ្ឈិមបូព៌ាទី១។

ឆ្នាំ២០០៩ ជានាយកផ្នែកកិច្ចការសារព័ត៌មាននៃលេខាធិការដ្ឋាន រដ្ឋមន្ត្រី , ឆ្នាំ២០១០ ជាប្រធានផ្នែកកិច្ចការច្បាប់អន្តរជាតិ, ឆ្នាំ២០១៤ ជាអគ្គនាយករងការិយាល័យកិច្ចការ អឺរ៉ុប, ឆ្នាំ២០១៥ ឧបការីរងអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសភា, ឆ្នាំ២០១៦ អគ្គនាយករងការិយាល័យកិច្ចការច្បាប់អន្តរជាតិ ហើយឆ្នាំ២០១៧ ជំនួយការរដ្ឋមន្ត្រី និងជា អគ្គនាយកការិយាល័យកិច្ចការច្បាប់អន្តរជាតិ ។

សម្រាប់តួនាទីនៅក្រៅប្រទេសវិញ នៅឆ្នាំ១៩៨៩-១៩៩១ លោកជាលេខាធិការទី២ នៃស្ថានទូតជប៉ុនប្រចាំប្រទេសអេហ្ស៉ីប, ឆ្នាំ១៩៩៩-២០០១ លេខាធិការទីមួយស្ថានទូត ជប៉ុនប្រចាំនៅសហរដ្ឋអាម៉េរិក, ឆ្នាំ២០០១-២០០៣ ទីប្រឹក្សាស្ថានទូតជប៉ុនប្រចាំនៅប្រទេសថៃ, ឆ្នាំ២០១២-២០១៤ ជាឧបទូតនៃស្ថានទូតជប៉ុន ប្រចាំនៅប្រទេសចិននិង ២០១៩ ជាឯកអគ្គរាជទូតជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា ។

លោក មិកាមិ ម៉ាសា ហ៉ីរ៉ូ បញ្ចប់ការសិក្សា សាកលវិទ្យាល័យ តូក្យូ (LL.B) នៅឆ្នាំ១៩៨៦ និងសាកលវិទ្យាល័យ Oxford (P.P.E. ) (M.A.) នៅឆ្នាំ១៩៨៩។

លោកឯកអគ្គរាជទូតក៏ជាសាស្ត្រាចារ្យមួយរូបផងដែរ។ នៅឆ្នាំ ២០០៨-២០១២ បង្រៀន នៅសាលាច្បាប់ Graduate School of Law, Kyushu University។ ឆ្នាំ ២០១១-២០១២, ២០១៨- សាស្ត្រាចារ្យនៅមហាវិទ្យាល័យច្បាប់ Waseda University ។ ឆ្នាំ ២០១១-២០១២ សាស្ត្រាចារ្យមហាវិទ្យាល័យច្បាប់នៃ សាកលវិទ្យាល័យ Chuo University និងឆ្នាំ២០១៨- សាស្ដ្រាចារ្យ Graduate School of Public Policy នៃសាកលវិទ្យាល័យតូក្យូ (University of Tokyo) ។

ក្រៅពីភាសាកំណើត លោក MIKAMI Masahiro ចេះភាសាអង់គ្លេស, បារាំង (មូលដ្ឋាន) ចិន (មូលដ្ឋាន)៕